(ហ្សឺណែវ, ស្វីស)៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានជួបប្រជុំទ្វេភាគីជាមួយលោក Habtom Zerai Ghirmai ភារធារីនៃស្ថាន អចិន្ត្រៃយ៍ប្រទេសអេរីទ្រា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
កិច្ចប្រជុំបានផ្តោតទៅលើស្ថានភាពបោសសម្អាតមីននៅប្រទេសអេរីទ្រា ដែលនៅមានតំបន់រងការគម្រាមដោយសារមីនច្រើន និងមិនទាន់អាចបំពេញកាតព្វកិច្ចរបស់អនុសញ្ញា ដែលត្រូវការពេលវេលាបោសសម្អាតបន្ថែមទៀត។
ទេសរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យប្រទេសអេរីទ្រា ប្រើប្រាស់យន្តការស្នើសុំពន្យាពេលបោសសម្អាត ស្របតាមលក្ខខណ្ឌដែលមានចែងក្នុងអនុសញ្ញាអូតាវ៉ា ដែលជាច្រកសម្រាប់កៀរគរជំនួយគាំទ្រពីបណ្តាប្រទេសម្ចាស់ជំនួយធំៗ ទាំងប្រទេសជារដ្ឋភាគី និងអង្គការក្រៅរដ្ឋាភិបាល៕