(ហាណូយ-វៀតណាម)៖ ដោយបានការអនុញ្ញាតពីអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ នាយករងមន្ទីរ និងតំណាងស្នងការនគរបាល តាមបណ្តាលខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីចូលរួមកិច្ចប្រជុំបីអង្គភាពលើកទី៤ រវាង៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃកម្ពុជា, នាយកដ្ឋានតម្រួតស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃក្រសួងនគរបាលវៀតណាម, និងនាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារជាតិវៀតណាម។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ប្រសិទ្ធិភាព កិច្ចសហការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការទប់ស្កាត់បទល្មើសគ្រឿងញៀន នៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។
លោកឧត្តមសេនីយ៍ត្រី ឌូ ង៉ុកកាញ នាយកនៃនាយកដ្ឋានប្រឆាំងគ្រឿងញៀន និងបទល្មើសកងទ័ពការពារព្រំដែនវៀតណាម បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ ព្រមទាំងធ្វើការកោតសរសើរដល់ភាគីកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងការបង្កាទប់ស្កាត់ និងបង្ក្រាបនូវបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ នាពេលកន្លងមករវាងកម្ពុជា-វៀតណាម។
ឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់វៀន ប្រធាននាយកដ្ឋាននគរបាលតម្រួតស្រាវជ្រាវ បទល្មើសគ្រឿងញៀន ក្រសួងនគរបាលវៀតណាម បានឡើងអានរបាយកាណ៍របស់នាយកដ្ឋាន នគរបាលតម្រួតស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃក្រសួងនគរបាលវៀតណាម និងការឡើងធ្វើបទអន្តរាគមន៍របស់ភាគីវៀតណាម និងកម្ពុជារួចមក លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានថ្លែងថា ដោយស្ថានការណ៍បទល្មើសគ្រឿងញៀនក្នុងពិភពលោក និងក្នុងតំបន់កាន់តែមានភាពស្មុគស្មាញ និងការចរាចរគ្រឿងញៀន ពីតំបន់ត្រីកោណមាស កាន់តែមានការកើនឡើង ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម សុខមាលភាព និងការអភិវឌ្ឍន៍ របស់បណ្តាប្រទេសក្នុងតំបន់ ក្នុងនោះ រួមទាំងកម្ពុជា និងវៀតណាមផងដែរ។
លោកបានលើកឡើងថា ពួកក្រុមឧក្រិដ្ឋជន បានប៉ុនប៉ងយកប្រទេសកម្ពុជា ធ្វើជាប្រទេសឆ្លងកាត់គ្រឿងញៀន ដោយសារភូមិសាស្ត្រនៅតាមតំបន់ព្រំដែន សម្បូទៅដោយព្រៃភ្នំ ជ្រោះ ទន្លេរ អូរ សមុទ្រ និងពុំទាន់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដែលបង្កការលំបាកដល់កម្លាំងប្រតិបត្តិការ និងមានភាពងាយស្រួលសម្រាប់ក្រុមឧក្រិដ្ឋគ្រឿងញៀន ធ្វើសកម្មភាព។ ជាមួយគ្នានេះ ពលរដ្ឋនៅតាមតំបន់ព្រំដែន មានជីវភាពខ្សត់ខ្សោយ គួបផ្សំនិងចំណេះដឹងនៅមានកម្រិត ធ្វើឲ្យក្រុមឧក្រិដ្ឋជនមានឱកាសអូសទាញ ពង្វក់ឲ្យប្រើប្រាស់គ្រឿងញៀន រហូតក្លាយខ្លួន ជាឧបករណ៍សម្រាប់ពួកឧក្រិដ្ឋជន។
លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់ថា ក្នុងរយៈពេល៨ខែ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ស្ថានភាពជាទូទៅនៃការធ្វើចរាចរ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងប្រទេសកម្ពុជា នៅបន្តមានសកម្មភាព និងរូបភាពនៃការលួចលាក់ នាំចូល ឆ្លងកាត់ ទៅកាន់ប្រទេសជិតខាង។
លោកបន្ថែមថា ដោយផ្អែកលើប្រតិបត្តិការបង្រ្កាបកន្លងមក សមត្ថកិច្ចជំនាញ បានកំណត់ថា៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ម្សៅ និងគ្រាប់) កេតាមីន ហេរ៉ូអ៊ីន និងអ៊ិចស្ដាស៊ី មានប្រភព ពីតំបន់ត្រីកោណមាស គ្រឿងញៀនប្រភេទកូកាអ៊ីន មានប្រភពចរាចរមកពីតំបន់អាមេរិកខាងត្បូង ប្រភេទគ្រឿងញៀនអ៊ិចស្ដាស៊ី (គ្រាប់) និងកេតាមីន មកពីតំបន់អឺរ៉ុប-ច្រកនាំចូល សារធាតុញៀនខាងលើ មានតាមច្រកព្រំដែនគោកទឹកនៃភាគឦសាន (ខេត្តព្រះវិហារ និងស្ទឹងត្រែង ប្រហែល ៧៧%) តាមច្រកព្រំដែនគោកប្រទេសថៃ-កម្ពុជា (បន្ទាយមានជ័យ ប្រហែល ១៣%) តាមច្រកផ្លូវអាកាស (ប្រហែល ១%) តាមបញ្ញើប្រៃសណីយ៍ (ប្រហែល ១%)។
ដោយឡែកសកម្មភាពកែច្នៃ គ្រឿងញៀនសំយោគ នៅក្នុងប្រទេសសម្រាប់រយៈពេល ៨ខែនេះ ប្រមាណជា ១% ធៀបនឹងករណីដែលបានបង្ក្រាបតាមរយៈកិច្ចប្រតិបត្តិការបង្ក្រាបការចរាចរ ជួញដូរគ្រឿងញៀនខុសច្បាប់ សមត្ថកិច្ចអាចប៉ាន់ប្រមាណបានថាបរិមាណគ្រឿងញៀនដែលលួចនាំចូលចរាចរ ជួញដូរ ប្រើប្រាស់ក្នុងប្រទេស មានប្រហែល៧% និង៩៣%ទៀត អាចត្រូវបានបន្ដនាំចេញ ទៅប្រទេសនានា តាមលម្ហរសមុទ្រ ផ្លូវអាកាស ផ្លូវគោក និងបញ្ញើប្រៃសណីយ៍។
តាមរយៈប្រតិបត្តិការកន្លងមក បានពិនិត្យឃើញថា ពួកឧក្រិដ្ឋជនគ្រឿងញៀនទាំងក្នុង និងក្រៅប្រទេស នៅតែបន្ដឆក់ឱកាសផ្លាស់ប្តូររូបភាព សកម្មភាពថ្មីៗបន្ថែមទៀតដូចជា៖ ការផ្លាស់ប្តូរច្រក និងផ្លូវចរាចរ ជាពិសេសការលួចកែច្នៃផលិតសារធាតុញៀនថ្មីៗ ក្នុងទ្រង់ទ្រាយតូចៗ នៅតាមផ្ទះជួល បន្ទប់ខុនដូរ និងតាមផ្ទះក្នុងបូរីជាដើម។ លោកក៏បានពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៌មាន រវាងអង្គភាពអនុវត្តច្បាប់គ្រឿងញៀនថ្នាក់ជាតិ និងថ្នាក់ខេត្តជាប់ព្រំដែន។
ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានថ្លែងទៀតថា កន្លងមកភាគីទាំងពីរ តែងតែផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ទាន់ពេលពេលវេលា ទើបសមត្ថកិច្ចនៃប្រទេសទំាំងពីរ បង្ក្រាបករណីគ្រឿងញៀនឆ្លងដែន បានទាន់ពេល និងមានប្រសិទ្ធភាព កម្ពុជានឹងបន្តកិច្ចសហការល្អជាមួយមិត្ត វៀតណាម និងរឹតចំណងសាមគ្គីភាពបន្ថែមទៀត ដើម្បីឲ្យប្រទេសរទាំងពីរ គ្មានគ្រឿងញៀន ជាពិសេសនៅតាមតំបន់ព្រំដែន និងធ្វើការបោសសម្អាតក្រុមឧក្រិដ្ឋជន ដែលយកប្រទេសទាំងពីរ ជាកន្លែងឆ្លងកាត់។
ថ្លែងបិទកម្មវិធីកិច្ចប្រជុំលើកទី៤ ឧត្តមសេនីយ៍ត្រី ឌូ ង៉ុកកាញ បានថ្លែងអំណរគុណដល់ភាគីទាំងបី ដែលបានយកចិត្តទុកដាក់ និងធ្វើឲ្យការប្រជុំលើកទី៤នេះ ប្រកបទៅដោយជោគជ័យ និងសូមជូនពរដល់ក្រុមការងារទាំងអស់ ឲ្យជួបតែសេចក្តីសុខ និងសន្យាជួបគ្នាឆ្នាំក្រោយ នៅក្នុងទឹកដីកម្ពុជា។
ក្រោយពីការថ្លែងបិទកម្មវិធីចប់សព្វគ្រប់ គណៈប្រតិភូទាំង៣ បានជូនវត្ថុអនុស្សាវរីយ៍ ជូនដល់គ្នាទៅវិញទៅមក និងបានថតរូបជុំគ្នាដើម្បីទុកជាអនុស្សាវរីយ៍។
សូមបញ្ជាក់ថា នៅខែមីនា ឆ្នាំ២០២៥ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងបទល្មើសគ្រឿងញៀនកម្ពុជា-វៀតណាម ដើម្បីផ្លាស់ប្តូវបទពិសោធន៍ការងារ លើការប្រឆាំងបទល្មើសគ្រឿងញៀនតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម៕