(ត្បូងឃ្មុំ)៖ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ បានប្រារព្ធទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៣ ដើម្បីពង្រឹង និងបង្កើនវិជ្ជាជីវៈក្រុមគ្រូពេទ្យ ដែលធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ។
ទិវានេះប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ព្រមទាំងលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ដែលមកពីថ្នាក់ជាតិ និងលោក-លោកស្រីវេជ្ជបណ្ឌិត គ្រូពេទ្យ នៅទូទាំងខេត្តត្បូងឃ្មុំ។
លោកវេជ្ជបណ្ឌិត ឆន មុនី អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ ខេត្តត្បូងឃ្មុំ ក្នុងឆ្នាំ២០២៤នេះ មានការចុះបញ្ជីការ និងស្នើសុំអាជ្ញាបណ្ណគ្រូពេទ្យសរុប ចំនួន៣១៣នាក់។ ក្នុងនោះគ្រូពេទ្យបំរើក្នុងស្ថាប័នរដ្ឋ ១៦៨នាក់, គ្រូពេទ្យបានចុះបញ្ជីការ ៣០៤នាក់, គ្រូពេទ្យ មិនទាន់បានចុះបញ្ជីការ ០៩នាក់, គ្រូពេទ្យបានស្នើសុំអាជ្ញាបណ្ណ ៩១នាក់, គ្រូពេទ្យបានទទួលអាជ្ញាបណ្ណ ១២៤នាក់, គ្រូពេទ្យសុំផ្ទេរចេញ ០២នាក់ និងគ្រូពេទ្យផ្ទេរចូល០៣នាក់ផងដែរ។
លោកវេជ្ជបណ្ឌិត ឆន មុនី ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត គូសបញ្ជាក់លើកឡើងថា ការអនុវត្តន៍សេចក្ដីណែនាំ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ការបណ្តុះបណ្តាលបន្តការប្រតិបត្តិ វិជ្ជាជីវៈសុខាភិបាល របស់ក្រុមប្រឹក្សា គណៈគ្រូពេទ្យ ខេត្តត្បូងឃ្មុំ មានបំណងផ្លាស់ប្ដូរបទពិសោទធន៍ ពង្រឹងនូវគុណវុឌ្ឍន៍ ផ្តល់សេវាកម្មវេជ្ជសាស្ត្រ ដែលមានគុណភាព ប្រសិទ្ធភាព ទាំងគុណធម៌ សមធម៌ សេចក្តីថ្លៃថ្នូរវិជ្ជាជីវៈ ដើម្បីធានាបាននូវសុខុមាលភាព ជូនប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេសកម្ពុជា។
ទន្ទឹមនេះលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានកោតសរសើរចំពោះគ្រូពេទ្យទាំងអស់នៅទូទាំងខេត្ត ដែលបានយកចិត្តទុកដាក់ ចូលរួមក្នុងការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ អនុវត្តន៍បទបញ្ជាផ្ទៃក្នុង ពង្រឹងនូវគុណវុឌ្ឍន៍ នៃវិជ្ជាជីវៈសុខាភិបាលសាធារណៈ និងឯកជន ឲ្យប្រកបដោយប្រសិទ្ធិភាព និងសុវត្ថិភាព កាត់បន្ថយអត្រាស្លាប់ ពិការភាព និងគ្រោះថ្នាក់ ដោយការប្រើប្រាស់ឱសថផ្សេងៗ និងសេវាកម្មខុសច្បាប់ ឬគ្មានគុណភាពជាបន្តបន្ទាប់ផងដែរ។
នាឱកាសនោះ លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានលើកឡើងថា ៖ អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ចាំបាច់ត្រូវតែធ្វើការកែលម្អ និងលើកកំពស់ឡើងវិញ ដើម្បីអោយស្ថានភាពអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងធានាជូនប្រជាពលរដ្ឋទទួលបាននូវ សេវាសុខាភិបាលមួយប្រកបដោយគុណភាព និងសមធម៌ពិតប្រាកដ។
លោករដ្ឋលេខាធិការ បានបន្ថែមនូវខ្លឹមសារដែលលោកប្រធានមន្ទីរបានលើកឡើង និងបានណែនាំឱ្យលោកគ្រូពេទ្យទាំងអស់ យកចិត្តទុកដាក់ពិនិត្យព្យាបាលឱ្យបានត្រឹមត្រូវតាមច្ចេកទេសវេជ្ជសាស្ត្រ និងសរសេរអោយបានឱ្យបានត្រឹមត្រូវផងដែរ ជាពិសេសការចេញវេជ្ជបញ្ជារអ្វីមួយ។
លោកសាស្ត្រាចារ្យ ធា គ្រុយ បន្តថា ការលើកកម្ពស់សេចក្តីថ្លៃថ្នូរវិជ្ជាជីវៈសុខាភិបាល ការប្រាស្រ័យទាក់ទងល្អរវាងគ្រូពេទ្យ និងអ្នកជំងឹ ការត្រៀមបង្ការ ក៏ដូចជាការដោះស្រាយបញ្ហាចំពោះមុខពេលកំពុងប្រកបវិជ្ជាជីវៈប្រចាំថ្ងៃ គឺត្រូវតែបន្តយកចិត្តទុកដាក់ និងអនុវត្តឲ្យបានល្អ និងផ្តាំផ្ញើឱ្យគ្រូពេទ្យទាំងអស់ ខិតខំបំពេញការងារផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ គោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៍វិជ្ជាជីវៈ និងសាមគ្គីល្អនៃសហភាតរៈផងដែរ៕