(ប៉ូឡូញ)៖ សមាគមបាល់ទាត់ប៉ូឡូញ (PZPN) ដែលមានលោក Cezary Kulesza ជាប្រធាន បានចេញសេចក្តីប្រកាសនាថ្ងៃសុក្រនេះថា នឹងផ្តល់មូលនិធិប្រមាណជាង ៤៥០.០០០ម៉ឺនដុល្លារ ដើម្បីជួយដល់ក្លិបរងផលប៉ះពាល់ដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅតំបន់អឺរ៉ុបកណ្តាលនេះ ដែលនេះជាគ្រោះធម្មជាតិទឹកជំនន់ដ៏អាក្រក់បំផុតមួយ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។
របាយការណ៍ពី Reuters បានឱ្យដឹងនាថ្ងៃទី២០ ខែកញ្ញានេះ បានបង្ហាញថា មនុស្សយ៉ាងហោចណាស់ ២៤នាក់បានស្លាប់ដោយសារទឹកជំនន់ ដោយមាន ៧នាក់នៅក្នុងប្រទេសប៉ូឡូញ ខណៈទីក្រុង Wroclaw ដែលជាទីក្រុងធំទី៣ របស់ប្រទេសប៉ូឡូញ ក៏កំពុងប្រឈមនៅការខូចខាតយ៉ាងធំផងដែរ ។
ក្នុងនោះ ក្លិបបាល់ទាត់ Slask Wroclaw ដែលស្ថិតក្នុងលីគកំពូល Ekstraklasa បានសម្រេចពន្យារពេលការប្រកួតក្នុងផ្ទះរបស់ពួកគេ កាលពីថ្ងៃច័ន្ទ ដែលត្រូវលេងប៉ះក្រុម Stal Mielec បានយកកីឡដ្ឋានរបស់ពួកគេ ប្រែក្លាយទៅជាកន្លែងសម្រាប់ប្រមូលអំណោយចំពោះអ្នកដែលរងផលប៉ះពាល់ដោយទឹកជំនន់ ។
សហភាពអឺរ៉ុប ក៏បានសន្យាថានឹងផ្តល់ប្រាក់រាប់ពាន់លានអឺរ៉ូ ដើម្បីផ្តល់ជាជួយដល់តំបន់នេះ ខណៈនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានលើកឡើងថា អាចទទួលបានប្រមាណ ៥ពាន់លានអឺរ៉ូ ស្មើប្រមាណជាង ( ៥.៥៦ពាន់លានដុល្លារ) ហើយស្ថិតក្នុងស្ថានភាពនេះក្លិបក៏បានបើកការរៃអង្គាសថវិកា ហើយគ្រូបង្វឹក និងកីឡាករបានទៅកាន់តំបន់រងគ្រោះ ដើម្បីធ្វើការចែកចាយរបស់របរសំខាន់ៗ ផងដែរ ៕