(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានលើកទឹកចិត្តប្រជាពលរដ្ឋរងការចាញ់បោកគ្រប់រូបភាពទាំងអស់ ប្តឹងទៅសមត្ថកិច្ច ដើម្បីស្វែងរកជនខិលខូចមកផ្តន្ទាទោស។
តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោក ឌី វិជ្ជា បានគូសរំលេចនូវការឆបោកក្រោមរូបភាពមួយចំនួនកំពុងកើតមាននៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន មានដូចជា៖ ឆបោកក្រោមរូបភាពវិនិយោគ, ឆបោកក្រោមរូបភាពកម្ចីអនឡាញ, ឆបោកក្រោមរូបភាពក្លែងអត្តសញ្ញាណ, ឆបោកទំនាក់ទំនងស្នេហា និងឆបោកក្រោមរូបភាពទិញលក់ឥវ៉ាន់។
លោក ឌី វិជ្ជា បានលើកទឹកចិត្តពលរដ្ឋទៅដាក់ពាក្យប្ដឹងជាមួយសមត្ថកិច្ច ដើម្បីរកមុខជនខិលខូចទាំងអស់នោះយកមកផ្តន្ទាទោស បើមិនដូច្នោះទេអំពើទាំងអស់នេះនៅតែបន្តកើតឡើងនៅក្នុងសង្គម ពិសេសវាជាមេរោគរ៉ំារ៉ៃជារៀងរហូត។
ពាក់ព័ន្ធក្រោមរូបភាពដូចការរៀបរាប់ខាងលើនេះ ឃើញមានការលើកឡើងច្រើនលើបណ្តាញព័ត៌មាន និងបណ្តាញសង្គមផងដែរ។ ពលរដ្ឋរងការចាញ់បោកក៏បានលើកជាសំណូមពរដល់សមត្ថកិច្ចផ្តល់មធ្យោបាយងាយស្រួលផ្សេងៗ ដើម្បីពួកគាត់បានរាយការណ៍ ឬដាក់ពាក្យប្តឹង។
សំណូមពរ ក៏ព្រោះការចាញ់បោកតាមអនឡាញនេះ ពេលប្តឹងទៅសមត្ថកិច្ចមូលដ្ឋាន គាត់ថាមិនមែនជាជំនាញរបស់គាត់ ហើយទាមទារឱ្យប្តឹងទៅប្តឹងនៅសមត្ថកិច្ចប្រឆាំងបទល្មើសបច្ចេកវិទ្យាជាដើម។
ពាក់ព័ន្ធការឆបោកតាមអនឡាញនេះផងដែរ សមត្ថកិច្ចជំនាញ ក៏ធ្លាប់លើកពីផលលំបាកក្នុងប្រតិបត្តិការព្រោះខ្វះកិច្ចសហការពីគ្រឹះស្ថានហិរញ្ញវត្ថុ។ ជនល្មើសប្រើមធ្យោបាយទូទាត់លុយតាមធនាគារ តែពេលសុំកិច្ចសហការពីធនាគារ គឺទាមទារលក្ខខណ្ឌផ្សេងៗ ដែលបង្កើតបានភាពស្មុគស្មាញក្នុងការរកជនល្មើស៕