(ភ្នំពេញ)៖ លោក ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងអំពីលក្ខខណ្ឌចាំបាច់កំណត់តាមផ្លូវច្បាប់មួយចំនួន ដើម្បីឲ្យមន្ដ្រីនគរបាល ឬមន្ដ្រីអាវុធហត្ថ អាចទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ ពោលត្រូវតែឆ្លងកាត់ការតែងតាំងដោយប្រកាសរបស់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឬក្រសួងការពារជាតិ រួមជាមួយរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ហើយត្រូវតែស្បងនៅមុខសាលាឧទ្ធរណ៍ជាចាំបាច់។
ការលើកឡើងរបស់មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលជាអ្នកជំនាញផ្នែកច្បាប់រូបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញបិទសិក្ខាសាលាស្តីពីតួនាទី ភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ និងការទំនងទំនងជាមួយស្ថាប័នតុលាការ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ដែលមានការចូលរួមពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងបញ្ជាការកងរាជអាវុធហត្ថ ព្រមទាំងមន្ដ្រីនគរបាល និងអាវុធហត្ថជាច្រើនរូបទៀត។
ត្រង់ចំណុចនេះ លោក ប៊ុន ហ៊ុន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីឲ្យបាននីតិសម្បទាពេញលេញជាមន្ដ្រីនគរបាលយុត្តិធម៌ ត្រូវមានការតែងតាំងដោយប្រកាសរួមរវាងរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឬក្រសួងការពារជាតិ ជាមួយនឹងរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ រួចបញ្ជូនទៅស្បថនៅសាលាឧទ្ធរណ៍ដែលមានសមត្ថកិច្ច»។
លោក ប៊ុន ហ៊ុន បានអះអាងថា មន្ត្រីនគរបាលយុត្តិធម៌ ក៏ជាតួអង្គចូលរួមចំណែកលើកកម្ពស់ធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ដរាបណាធនធានមនុស្សក្នុងវិស័យយុត្តិធម៌មានគុណភាពខ្ពស់ ការអនុវត្តការងារកាន់តែមានគុណភាពខ្ពស់ ការចាត់ការតាមនីតិវិធីកាន់តែមានប្រសិទ្ធភាពខ្ពស់ ច្បាស់លាស់ ត្រឹមត្រូវ នោះនឹងឈានដល់ការពង្រឹងប្រសិទ្ធភាព នៃប្រព័ន្ធយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
មន្ដ្រីជាន់ខ្ពស់រូបនេះ បានណែនាំដល់ប្រធានអង្គភាព នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវរៀបចំឯកសារដើម្បីស្នើមកកាន់ក្រសួងមហាផ្ទៃតាមឋានានុក្រម ដើម្បីបំពេញនីតិសម្បទាជាមន្ដ្រីនគរបាលយុត្តិធម៌ ជូនដល់មន្ដ្រីនគរបាលរបស់ខ្លួនឲ្យបានគ្រប់គ្រាន់ ព្រោះបើមិនមាននីតិសម្បទាជាមន្ដ្រីនគរបាលយុត្តិធម៌ទេនោះ មិនអាចធ្វើការស្រាវជ្រាវស៉ើបអង្កេតបទល្មើសបានឡើយ។
សូមជម្រាបថា អង្គសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលទទួលបានគោលការណ៍ឯកភាពពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានសមាសភាពចូលរួមពីគ្រប់អង្គភាព និងស្ថាប័នពាក់ព័ន្ធនៅទូទាំងប្រទេស រួមមាន អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋានរាជធានី-ខេត្តទាំង២៥ អធិការដ្ឋានក្រុង-ស្រុក-ខណ្ឌ និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រះរាជអាជ្ញានៃស្ថាប័នអយ្យការ ចៅក្រមនៃស្ថាប័នតុលាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ព្រមទាំងគណៈមេធាវី ដែលមានចំនួនសរុបប្រមាណ៦០០នាក់។
គោលបំណងសំខាន់ៗនៃសិក្ខាសាលានេះ រួមមាន៖
ទី១៖ ផ្តល់ឱកាសដល់តួអង្គពាក់ព័ន្ធទាំងអស់ រួមមាន៖ ព្រះរាជាអាជ្ញា ចៅក្រម មេធាវី និងមន្ត្រីនគរបាលយុត្តិធ៌ ធ្វើការសិក្សាស្វែងយល់ ផ្លាស់ប្តូរចំណេះដឹង និងបទ ពិសោធន៍គ្នាទៅវិញទៅមក ក្នុងការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីឈានទៅដល់ការ ធ្វើកែសម្រួល កែលម្អ កែតម្រូវ និងកែទម្រង់ លើការអនុវត្តក្រមនីតិវិធីព្រហ្មទណ្ឌសម្រាប់ពេលបច្ចុប្បន្ននិង អនាគត។
ទី២៖ ដោះស្រាយសំណូមពរ និងបញ្ហាប្រឈមផ្សេងៗរបស់តួអង្គពាក់ព័ន្ធទាំងអស់ ក្នុងដំណើរការនីតិ វិធីនៃរឿងក្តីព្រហ្មទណ្ឌ ជាពិសេសក្នុងដំណាក់កាល នៃការបំពេញតួនាទី និងភារកិច្ចមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់។
ជាមួយគ្នានេះ លោក ប៊ុន ហ៊ុន ក៏បានថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានផ្ដល់ទីតាំងសម្រាប់រៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ នៅសាលប្រជុំរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតែម្ដង៕