(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំកំពូលៗផ្សេងទៀត នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានប្រកាសពីការសម្រេចរបស់កម្ពុជា ក្នុងការបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ។
ការបញ្ចប់នេះសម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារពិសេសដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា៖
ជូនបងប្អូនជនរួមជាតិជាស្រឡាញ់ !
តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំ មកហើយនិងក៏បានកសាងសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។
ប៉ុន្តែកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះ ក៏បានប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ។
រាជរដ្ឋាភិបាលបានចាត់វិធានការ ទាំងវិធានការអប់រំផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីកិច្ចសហប្រតិបត្តិការ CLV-DTA និងល្បិចកលនយោបាយរបស់ក្រុមជ្រុលនិយម, ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ប្រកបដោយប្រសិទ្ធភាព និងបានធ្វើឱ្យ «ផែនការ ១៨ សីហា» របស់ក្រុមប្រឆាំងជ្រុលនិយមបានបរាជ័យទាំងស្រុង ហើយសុខសន្តិភាព និងស្ថិរភាពសង្គម ត្រូវបានធានាយ៉ាងរឹងមាំ។
ទោះបីផែនការ ១៨ សីហា របស់ក្រុមជ្រុលនិយមបានរលាយទាំងស្រុងហើយក្តី, ប៉ុន្តែជារបៀបធ្វើការរបស់ ហ៊ុន សែន គឺ «មិនអង្គុយបក់ផ្សែងនោះទេ គឺត្រូវពន្លត់ភ្លើងទាំងស្រុង»។
ដោយគិតគូពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត, ខ្ញុំក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ហើយយើងបានសម្រេចចិត្តថា កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចហើយដែរ។
យើងបន្តអភិវឌ្ឍលើទឹកដីរបស់យើង ដោយមានកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និង ប្រទេស, ជាមួយអាស៊ាន, ជាមួយ CLMV, ជាមួយ ACMECS, ជាមួយ GMS និងដៃគូរអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោក។
មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលប្រជាជនយើងបានចូលរួម នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍នេះ ហើយរាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញរួចហើយ នូវការរៀបចំកញ្ចប់គោលនយោបាយសម្រាប់ជំរុញការអភិវឌ្ឍតំបន់ភាគឦសានរបស់កម្ពុជា។
ពួកជ្រុលនិយមអាចឆ្លៀតឱកាសប្រកាសពីជោគជ័យរបស់គេលើការទាមទារនេះ តែពួកគេបានបាត់បង់អាវុធដ៏សំខាន់ដែលពួកគេធ្លាប់ កាន់វាយរាជរដ្ឋាភិបាល។ ម្យ៉ាងទៀត ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺវាស្ថិតនៅលើរាជរដ្ឋាភិបាលចេះដោះស្រាយ កង្វល់របស់ប្រជាជន និងចេះដកអាវុធចេញពីដៃសត្រូវ៕