(កំពង់ធំ)៖ លោក សុន សេងហួត រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញសិប្បកម្ម សហគ្រាសការកែច្នៃស្វាយចន្ទី ឲ្យកាន់តែមានប្រសិទ្ធ ភាព និងនវានុវត្តន៍។
លោក សុន សេងហួត ថ្លែងក្នុងកិច្ចពិភាក្សាស្តីពី-បញ្ហាប្រឈមសម្រាប់ការផលិតកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ។
លោកបន្តថា ដើម្បីឲ្យការផលិតកែច្នៃគ្រាប់ស្វាយចន្ទីកាន់តែប្រសើរឡើងស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ា ណែត និងអនុសាសន៍របស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការជំរុញការផលិតកែច្នៃ ការនាំចេញប្រកបដោយគុណភាព សុវត្ថិភាព ស្របតាមស្តង់ដារ។
លោកបានបន្តថា ចំពោះបញ្ហាប្រឈមដែលលើកឡើងនៅក្នុងកិច្ចប្រជុំរបស់សហគ្រាសមួយចំនួន លោកនឹងទទួលយកដើម្បីធ្វើរបាយការណ៍ជូនទៅថ្នាក់លើ ក្នុងការជួយឲ្យសហគ្រាសទទួលបានដំណើរការនិងលទ្ធផលល្អប្រសើរ។
គួរបញ្ជាក់ថា ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះដំណាំកសិឧស្សាហកម្មដូចជាដំណាំចន្ទីដាំដុះបាន១៤៥,៣០០ហិកតា ប្រមូលផលសរុបបាន៨០,០០០ហិកតា និងទទួលបានទិន្នផលជាមធ្យម១.៥តោន/ហិកតា ក្នុង១ឆ្នាំ ហើយខេត្តមានសហគ្រាសសិប្បកម្មកែច្នៃស្វាយចន្ទីចំនួន៧កន្លែង និងម៉ាស៊ីនសម្ងួត២៣កន្លែងផងដែរ៕