(ពោធិ៍សាត់)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការ រោងចក្រទី២ នៃ «ក្រុមហ៊ុនមីនេបៀ-Minebea» សាខាខេត្តពោធិ៍សាត់ នៅលើផ្ទៃដីអភិវឌ្ឍន៍ ប្រមាណ៥០ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ។
ពិធីនេះបានការចូលរួមពី លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់, លោក ខូយ រីដា អភិបាលខេត្ត, លោក លោកស្រី ជាប្រតិភូថ្នាក់ជាតិ, តំណាងក្រុមហ៊ុន, តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, អាជ្ញាធរមូលដ្ឋាន, លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមយុវជនយ៉ាងច្រើនកុះករ។
គួរជម្រាបជូនថា ក្រុមហ៊ុនមីនេបៀ ខេមបូឌា-Minebea Cambodia Co.Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Minebea Mitsumi របស់ជប៉ុន។ ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនអេឡិចត្រូនិក ផលិតម៉ូទ័រគ្រប់ប្រភេទ ដែលយកទៅផ្គត់ផ្គង់ ទីផ្សារអន្តរជាតិ និងបានបើកដំណើរការដំបូងនៅកម្ពុជា ក្នុងឆ្នាំ២០១១ ក្នុងតម្លៃវិនិយោគប្រមាណ២៣លានដុល្លារ ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ បានតម្លើងការវិនិយោគរបស់ខ្លួននៅកម្ពុជា ឡើងដល់ជាង៦០០លានដុល្លារ។ ក្រុមហ៊ុនមីនេបៀ-Minebea បានពង្រីកការវិនិយោគរបស់ខ្លួន ដោយចាប់ផ្ដើមបើកការដ្ឋានសាងសង់ រោងចក្រទី២របស់ខ្លួន នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ លើផ្ទៃដីប្រមាណ៥០ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ និងបានបង្កើតការងាររាប់ពាន់កន្លែង ឱ្យយុវជន យុវនារី បានមកធ្វើការនៅទីនេះ។
បន្ទាប់ពីលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា អគ្គនាយកក្រុមហ៊ុនមីនេបៀ និងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានជម្រាបជូនពីសាវតា និងការវិវត្តន៍ឈានឡើងរបស់ក្រុមហ៊ុននោះរួចមក, លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្តែងការអបអរសាទរ ជូនចំពោះក្រុមហ៊ុនមីនេបៀ ដែលបានទទួលជោគជ័យជាបន្តបន្ទាប់ ក្នុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា រយៈពេល១៣ឆ្នាំកន្លងមកនេះ និងបានឈានក្នុងការបើកការដ្ឋានរោងចក្រថ្មីរបស់ខ្លួន នៅខេត្តពោធិ៍សាត់ នាថ្ងៃនេះ។ លោកក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានគិតគូរក្នុងការបណ្តុះបណ្តាល បុគ្គលិក កម្មករ កម្មការិនីយើង ឱ្យមានចំណេះចេះដឹងគ្រប់គ្រាន់ ដើម្បីឱ្យក្រុមហ៊ុនអាចដំណើរការទៅបាន។
លោកបានបន្តថា ខណៈពេលដែលក្រុមហ៊ុនមិនទាន់បើកដំណើរការផង បុគ្គលិក កម្មករ កម្មការិនី (ក្រុមទី១)បានធ្វើដំណើរទៅសិក្សានៅប្រទេសថៃរួចរាល់ ហើយ (ក្រុមទី២)នឹងធ្វើដំណើរទៅសិក្សាបន្តទៀត ដែលបង្ហាញឱ្យឃើញថា ក្រុមហ៊ុនមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបណ្តុះបណ្តាលប្រជាពលរដ្ឋខ្មែរយើង ឱ្យចេះធ្វើការងារបានល្អប្រសើរ។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា «សន្តិភាព» គឺជាកត្តាមួយមិនអាចកាត់ថ្លៃបាន ក្នុងការកសាងប្រទេសជាតិមាតុភូមិយើង បើគ្មានសុខសន្តិភាព យើងគ្មានថ្ងៃនេះទេ ក្នុងការបើករោងចក្រមីនេបៀ នៅខេត្តពោធិ៍សាត់។ បើគ្មានសុខសន្តិភាព យើងក៏គ្មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ហើយរាជរដ្ឋាភិបាលក៏គ្មានឱកាសទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា ដើម្បីបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋយើងធ្វើនោះដែរ។ លោកសូមយកឱកាសនេះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមរួបរួមគ្នា សាមគ្គីភាពគ្នា ដើម្បីថែរក្សាការពារ «សុខសន្តិភាព» ឱ្យបានគង់ជាដរាបតរៀងទៅ។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សមិទ្ធផលនៃក្រុមហ៊ុននេះ ក៏ដូចជាសមិទ្ធផលដទៃទៀត គឺចាប់ផ្តើមឡើងពី សម្តេចតេជោ ហ៊ុន សែន កាលលោកជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយបន្តការគាំទ្រ ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអាណត្តិថ្មី ទើបធ្វើឱ្យសមិទ្ធផលនេះកើតឡើងនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តពោធិ៍សាត់។ បន្ថែមពីនោះ តាមការបញ្ជាក់ពីលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ រោងចក្រនេះ នឹងដំណើរការដោយថាមពលស្អាត១០០% និងជាតំបន់ទី១ ក្នុងប្រទេសកម្ពុជា។ ទាំងនេះគឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ពីមួយជំនាន់ទៅមួយជំនាន់ ក្នុងការបង្កើតការងារធ្វើ កាត់បន្ថយភាពក្រីក្រ។ លោកសូមឱ្យក្រុមហ៊ុនមីនេបៀ-Minebea បន្តជឿទុកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏សង្ឃឹមថាក្រុមហ៊ុន នឹងពង្រីកសាខាថ្មីរបស់ខ្លួន (រោងចក្រទី៣) ក្នុងពេលឆាប់ៗខាងមុខ។
នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានប្រគល់វិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា អគ្គនាយកក្រុមហ៊ុនមីនេបៀ និងជូនអនុក្រឹត្យ ស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ជូនលោក ម៉េង គឹមលី អគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ព្រមទាំងបានថតរូបអនុស្សាវរីយ៍ និងផ្តល់កិច្ចសម្ភាសន៍ ដល់សារព័ត៌មានជប៉ុនផងដែរ៕