(ភ្នំពេញ)៖ ដោយបានទទួលការចាត់តាំងពីសំណាក់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.), លោកស្រី ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះបំពេញបេសកកម្មសិក្សាស្រាវជ្រាវនៅស្រុកគោលដៅចំនួន ៤ ក្នុងខេត្តក្រចេះ រួមមាន ស្រុកឆ្លូង ស្រុកសំបូរ ស្រុកព្រែកប្រសព្វ និងស្រុកស្នួល។ បេសកកម្មនេះ ក៏មានការចូលរួមសហការពីថ្នាក់ដឹកនាំរដ្ឋបាលខេត្តក្រចេះ, អាជ្ញាធរមូលដ្ឋាន, មន្ត្រីទទួលបន្ទុកដោះស្រាយវិវាទនៃខេត្តក្រចេះ និងប្រជាពលរដ្ឋ ដែលមានចំនួនសរុប ៣៣៣ រូប។
ការចុះបំពេញបេសកកម្មនេះ គឺជាផ្នែកមួយនៃការអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋជាជនជាតិដើមភាគតិច និងរស់នៅតំបន់ដាច់ស្រយាល សំដៅបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតជិតប្រជាពលរដ្ឋមូលដ្ឋាន និងបង្កើនប្រសិទ្ធភាព ភាពសំបូរបែប និងឆាប់រហ័សនៃការដោះស្រាយវិវាទ។
នៅក្នុងការចុះបំពេញបេសកកម្មការងារក្នុងខេត្តក្រចេះនេះ ក្រុមការងារនៃ អ.ដ.ក. សង្កេតឃើញថា ថ្នាក់ដឹកនាំនៅមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋ បានសម្តែងនូវការគំាទ្រ និងការសាទរយ៉ាងខ្លាំង ចំពោះបេសកកម្មរបស់ក្រុមការងារនៃ អ.ដ.ក. ព្រមទាំងបានចូលរួម យ៉ាងសកម្មក្នុងការផ្តល់ធាតុ ចូលចំពោះការសិក្សាស្រាវជ្រាវអំពីអភិក្រមសមស្របនៃការដោះស្រាយវិវាទជូនប្រជាពលរដ្ឋជាជនជាតិដើមភាគតិច និងប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល់។
សូមបញ្ជាក់ផងដែរថា ខេត្តក្រចេះ គឺជាខេត្តគោលដៅទី៤ នៃគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅភាគឦសាន របស់ អ.ដ.ក. បន្ទាប់ពីខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ដែលក្រុមការងារនៃ អ.ដ.ក. បានចុះសិក្សាស្រាវជ្រាវ នាពេលកន្លងមក៕