(កំពត)៖ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ប្រតិភូ១២ស្ថានទូតប្រចាំកម្ពុជា បានធ្វើដំណើរទស្សនកិច្ចសិក្សានៅខេត្តកំពត ហើយបន្ទាប់ពីបានចុះទៅទស្សនាតំបន់សក្តានុពលមួយចំនួន និងបានស្តាប់បទបង្ហាញរបស់លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ធ្វើឲ្យប្រតិភូអង្គទូតទាំងនោះ មានការចាប់អារម្មណ៍ ភ្ញាក់ផ្អើល និងកោតសរសើរយ៉ាងខ្លាំងចំពោះសក្តានុពល និងការអភិវឌ្ឍន៍របស់ខេត្តកំពត។
លោក ចឺយ វិចិត្រ ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់ឲ្យដឹងថា ទស្សនកិច្ចសិក្សារបស់អង្គទូតមកកាន់ខេត្តកំពត ជាផ្នែកមួយនៃកិច្ចការអនុវត្ត ជំរុញការទូតសេដ្ឋកិច្ចរបស់ក្រសួងការបរទេស ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនបានឆាប់រហ័ស ឈានទៅសម្រេច គោលដៅអភិវឌ្ឍន៍នៅឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ដំណើរទស្សនកិច្ចសិក្សានេះជាផ្នែកមួយនៃវគ្គបណ្តុះបណ្តាលស្តីពីការទូតអាហារកម្ពុជា ក្រោមប្រធានបទ «ការលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការតាមរយៈម្ហូបអាហារ»។
លោក ចឺយ វិចិត្រ បានបញ្ជាក់ថា វិទ្យាស្ថានបានសម្រេច ដឹកនាំប្រតិភូអង្គទូត ចុះមកធ្វើទស្សនកិច្ចសិក្សានៅខេត្តកំពត ព្រោះចង់ឲ្យប្រតិភូអង្គទូត បានឃើញដោយផ្ទាល់ភ្នែកអំពីសក្តានុពល និងការអភិវឌ្ឍន៍រីកចម្រើនរបស់ ខេត្តកំពត ដែលជាខេត្តមូយលេចធ្លោរបស់កម្ពុជា និងមានអំណោយផលសម្រាប់ការវិនិយោគលើវិស័យផ្សេងៗ មានដូចជាទេសចរណ៍ និងកសិកម្មជាដើម។
បន្ទាប់ពីបានចុះធ្វើទស្សនកិច្ចសិក្សានៅតំបន់ចំការម្រេច នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤រួចមក និងបានស្តាប់ការធ្វើបទបង្ហាញរបស់លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នៅរសៀលថ្ងៃដដែល ឯកអគ្គរាជទូត-រដ្ឋទូត និងអង្គទូត បានបង្ហាញនូវការចាប់អារម្មណ៍ និងកោតសរសើរនូវអ្វីដែលខេត្តកំពតមាន ហើយលោកប្រធានវិទ្យាស្ថាន នឹងបន្តដឹកនាំប្រតិភូអង្គទូត មកបន្តបន្ទាប់ទៀតនៅពេលខាងមុខ ដើម្បីជួយផ្សព្វផ្សាយ ក៏ដូចជាទាក់ទាញអ្នកវិនិយោគ តាមរយៈអង្គទូតនានា។
បន្ទាប់ពីបានធ្វើបទបង្ហាញ អំពីទីតាំងភូមិសាស្ត្រ ប្រជាសាស្ត្រ តំបន់សក្តានុពល និងសមិទ្ធផល និងផែនការអភិវឌ្ឍន៍បន្តរបស់ខេត្ត នៅក្នុងពិធីចែញវិញ្ញាបនបត្រនាល្ងាច នៅរីសត «អែមប៊ើយ» អំពីសក្តានុពលរបស់ខេត្តកំពត និងជួយណែនាំអ្នកវិនិយោគឲ្យមកបោះទុនរកស៊ី នៅលើវិស័យផ្សេងៗក្នុងទឹកដីខេត្តកំពត។
អភិបាលខេត្តកំពត ក៏សង្ឃឹមថា វត្តមានរបស់អង្គទូតទាំង១២ស្ថានទូតប្រចាំនៅកម្ពុជា មកកាន់ខេត្តកំពត មិនមែនជាលើកចុងក្រោយនោះទេ ហើយលោកត្រៀមខ្លួនជានិច្ច ក្នុងការរង់ចាំទទួលស្វាគមន៍វត្តមានរបស់ បណ្ដាអស់លោក-លោកស្រី ឯកអគ្គរាជទូត-រដ្ឋទូត និងអង្គទូត វិលមកកំពតម្តងទៀតក្នុងពេលឆាប់ៗ។
ក្នុងឱកាសនោះ រដ្ឋបាលខេត្តកំពត ក៏ធ្វើនំជូនដំណើរលោកឯកអគ្គរាជទូតថៃ ដែលលោកនឹងបញ្ចប់អាណត្តិនៅកម្ពុជា ក្នុងរយៈពេល២សប្តាហ៍ទៀតផងដែរ។ សម្រាប់ដំណើរទស្សនកិច្ចសិក្សា និងបន្តដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ដោយពេលព្រឹកប្រតិភូអង្គទូត នឹងទៅទស្សនាកំពង់ផែពហុបំណង រួចទៅទស្សនារមណីយដ្ឋានឧទ្យានជាតិព្រះមុនីវង្សបូកគោ មុននឹងត្រឡប់ទៅភ្នំពេញវិញ៕