(ភ្នំពេញ)៖ លោក សុខ សូកេន កូនប្រុសរបស់ សម្តេចវិបុលបញ្ញា សុខ អាន ត្រូវបាន សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា ចេញព្រះរាជក្រឹត្យ កែសម្រួល និងតែងតាំងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដែលផ្លាស់ប្តូរជាមួយ លោក ហួត ហាក់ ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ការចេញព្រះរាជក្រឹត្យតែងតាំងនេះ បានធ្វើឡើងបន្ទាប់ពី រដ្ឋសភាអនុម័តគាំទ្រទាំងស្រុង លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួន២រូប ក្នុងកិច្ចប្រជុំវិសាមញ្ញ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានចូលរួមពីសមាជិក-សមាជិករដ្ឋសភា សរុប ១០៦រូប។
តើរដ្ឋមន្ត្រីថ្មី នៃក្រសួងអធិការកិច្ច លោក សុខ សូកេន មានប្រវត្តិដូចម្តេច?
លោក សុខ សូកេន កើតនៅឆ្នាំ១៩៨៣ ដែលគិតមកទល់បច្ចុប្បន្នមានវ័យ៤១ឆ្នាំ។ លោកជាកូនទី៣ ក្នុងចំណោមកូន៥នាក់ របស់សម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដោយលោក សុខ សូកេន ជាកូនប្រុសភ្លោះ ជាមួយនឹងលោក សុខ សូកាន។
ចំពោះប្រវត្តិនៃការសិក្សាអប់រំរបស់ លោក សុខ សូកេន វិញ គឺកាលពីឆ្នាំ២០០៣-២០០៧ លោកបានសិក្សាថ្នាក់បរិញ្ញាបត្រវិស្វកម្មស៊ីវិល និងបរិញ្ញាបត្រពាណិជ្ជកម្មពី សាកលវិទ្យាល័យ Melbourne ប្រទេសអូស្រ្តាលី។ នៅឆ្នាំ២០០៨ ទទួលបានវិញ្ញាបនបត្រអភិវឌ្ឍអចនលទ្រព្យ និងវិញ្ញាបនបត្រការគ្រប់គ្រងហិរញ្ញវត្ថុពីសាកលវិទ្យាល័យ THOMAS សហរដ្ឋអាមេរិក។ នៅឆ្នាំ២០១៣ ទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលសាធារណៈនៅសាលាលីក្វាន់យូនៃសាកលវិទ្យាល័យជាតិសិង្ហបុរី។ ក្នុងឆ្នាំ ២០១៥ លោកបានបញ្ចប់ថ្នាក់បណ្ឌិត នៅសាលាសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យប៉េកាំងប្រទេសចិន។
លោក សុខ សូកេន បានឆ្លងកាត់ការងារជាច្រើន ដូចជា នៅឆ្នាំ២០០៨-២០០៩ បម្រើការងារនៅក្រសួងពាណិជ្ជកម្ម ជាមន្ត្រីនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងជានាយកស្ដីទីខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធាននាយកដ្ឋានស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម។
នៅឆ្នាំ២០១០ លោកផ្ទេរមកបម្រើការនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាអនុប្រធាននាយកដ្ឋានវិភាគគម្រោង និងលើកទឹកចិត្ត (២០១០-២០១៤) និងជាអនុប្រធាននាយករដ្ឋានវិភាគយុទ្ធសាស្ត្រនៃការវិនិយោគឯកជន(២០១៤-២០១៦)។
នៅឆ្នាំ២០១៦ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយក៏ត្រូវបានតែងតាំងជារដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។
បច្ចុប្បន្ន លោក សុខ សូកេន ជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងជាអតីតរដ្ឋមន្រ្តីក្រសួងទេសចរណ៍ក្នុងនីតិកាលទី៧៕