(បុរីវ៉ាទីកង់)៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ា បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានជួបប្រជុំទ្វេភាគីជាមួយលោក Archbishop Paul Gallagher រដ្ឋមន្ត្រីទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិនៃប្រទេស The Holy See (បុរី វ៉ាទីកង់)។
ក្នុងជំនួបនោះ លោកបណ្ឌិត លី ធុជ ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា បានលើកឡើងពីការជួយគាំទ្ររបស់បុរីវ៉ាទីកង់ លើការអនុវត្តនៃអនុសញ្ញាអូតាវ៉ា ព្រមទាំងបានស្នើដល់បុរីវ៉ាទីកង់ បន្តចូលរួមគាំទ្រ និងផ្សព្វផ្សាយគោល ការណ៍របស់អនុសញ្ញាអូតាវ៉ា ដើម្បីជំរុញដល់កិច្ចខិតខំប្រឹងប្រែងដល់ការងារសកម្មភាពមីនសកល និងកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន។
ជាមួយគ្នានោះ ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងជាពិសេសអំពីភាពជាប្រធានរបស់កម្ពុជា និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយ ក្នុងខែវិច្ចិកា ឆ្នាំ២០២៤ ខាងមុខ។ តាងនាមសម្តេចធិបតី នាយករដ្ឋមន្ត្រី ទេសរដ្ឋមន្រ្តី លី ធុជ បានអញ្ជើញគណ:ប្រតិភូនៃបុរីវ៉ាទីកង់ ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរនាពេលខាងមុខ។
តបតាមអញ្ជើរបស់រដ្ឋមន្ត្រីទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិ នៃប្រទេស The Holy See លោកបណ្ឌិត លី ធុជ នឹងអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេច ប៉ាប ហ្វ្រង់ស័រ នៅក្នុងបុរីវ៉ាកង់ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤៕