(ភ្នំពេញ)៖ កូនឈើរាប់រយដើមត្រូវបានចូលរួមដាំនៅសួនស្ទឹងមានជ័យ និងប្រឡាយបឹងសាឡាង «មានដើមឈើ ជីវិតសុខសាន្ត» ក្រោមកិច្ចសហការរវាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌទួលគោក ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក៧៨ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរភូមិចំនួន៧ ក្នុងភូមិសាស្ត្រសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងមួយផ្នែកទៀតស្ថិតក្នុងសង្កាត់មានជ័យ ខណ្ឌមានជ័យ។
សកម្មភាពដាំកូនឈើនេះធ្វើឡើងនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌទួលគោក និងប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក៧៨ តំណាងលោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌទួលគោក និងលោកស្រី ឡុង វិសាខា ព្រមទាំងមានការចូលរួមពីលោក ញ៉ែម តារារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ លោក ស៉ឹម សុផង់ អភិបាលរងខណ្ឌទួលគោក។
លោក យ៉ិនទៀង ពុទ្ធិរិទ្ធ បានឱ្យដឹងថា ពិធីដាំដើមឈើ និងចែកកូនឈើ ដែលបានប្រារព្ធធ្វើឡើងនៅទីនេះ គឺមានសារៈសំខាន់បំផុតសម្រាប់សង្គមជាតិ ដោយយើងទាំងអស់គ្នាបាននិងកំពុងបំពេញកាតព្វកិច្ចជូនជាតិមាតុភូមិ ក្នុងការចូលរួមដាំដើមឈើដែលជាការរួមចំណែកដ៏ប្រពៃក្នុងការបង្កើនគម្របបៃតង ដែលនឹងជួយធ្វើឱ្យប្រសើរឡើងនូវសោភ័ណភាព ទេសភាពធម្មជាតិ បរិស្ថាន រួមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ដូចទៅនឹងប្រធានបទរបស់យើង «មានដើមឈើ ជីវិតសុខសាន្ត» ហើយសកម្មភាពទាំងនេះ គឺពិតជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់គោរពប្រតិបត្តិ តាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះមហាវីក្សត្រ «ព្រះបរមរតនកោដ្ឋ» និងព្រះករុណាព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូងនៃយើង។
លោក យ៉ិនទៀង ពុទ្ធិរិទ្ធ បានរំឭកជូនអំពីទស្សនវិស័យ និងព្រះរាជបញ្ញាញាណដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណាព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានបំផុសចលនាដាំដើមឈើហៅថា «រុក្ខទិវា» នៅក្នុងឆ្នាំ១៩៥២ ក្នុងគោលបំណងដើម្បីជួយឱ្យបរិស្ថាន និងអាកាសធាតុមានភាពវិជ្ជមានចំពោះភពផែនដី និងមនុស្សជាតិ។ ផ្អែកលើចក្ខុវិស័យដ៏ត្រចះត្រចង់ និងដើម្បីបន្តស្នាព្រះហត្ថដ៏ថ្លៃថ្លាបំផុតនេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រកាសបង្កើតឡើងវិញ នូវពិធីរុក្ខទិវាចាប់ពីឆ្នាំ១៩៩២ ដែលត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំរហូតមក។
លោក យ៉ិនទៀង ពុទ្ធិរិទ្ធ បានបន្តថា ក្នុងអាណត្តិថ្មីនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វបំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពិធីរុក្ខទិវាឆ្នាំ២០២៤ ត្រូវបានប្រារព្ធឡើងជាផ្លូវការនៅក្នុងស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពស់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
លោក យ៉ិនទៀង ពុទ្ធិរិទ្ធ បានផ្តាំផ្ញើដល់អាជ្ញាធរខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ សូមយកចិត្តទុកដាក់ជួយថែរក្សា ការពារកូនឈើ ដែលបានដាំរួចឱ្យបានដុះលូតលាស់ល្អ និងគង់វង្ស ចៀសផុតពីការបំផ្លាញគ្រប់បែបយ៉ាង និងបានអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សូមមេត្តាបន្តចូលរួមដាំដើមឈើគ្រប់ទីកន្លែងទាំងអស់ ដែលមានដីទំនេរអាចដាំបាន និងចូលរួមថែរក្សាកូនឈើដែលបានដាំរួចឱ្យបានដុះលូតលាស់ល្អ សម្រាប់ទុកជាប្រយោជន៍របស់មនុស្ស សត្វ នាពេលបច្ចុប្បន្ន និងទៅអនាគត។
គួរជម្រាបថា សម្រាប់ពិធីដាំដើមឈើ និងចែកកូនឈើនាពេលនេះ គឺមានការដាំដើមឈើចម្រុះចំនួន៦ប្រភេទ សរុបចំនួន២០៧ដើម នៅតាមប្រឡាយ ស្ថិតក្នុងភូមិចំនួន៧ ក្នុងភូមិសាស្ត្រសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងមួយផ្នែកទៀតស្ថិតក្នុងសង្កាត់មានជ័យ ខណ្ឌមានជ័យ។ ជាមួយគ្នានេះ ក្រុមការងារក៏បានត្រៀមកូនឈើចម្រុះប្រភេទចំនួន៣០០ដើម សម្រាប់ចែកជូនប្រជាពលរដ្ឋ ដើម្បីយកទៅដាំនៅតាមទីវត្តអារាម ដងផ្លូវសាធារណៈ និងលំនៅឋានរៀងៗខ្លួន៕