(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពី «កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រី នៃ ន.ម.ក.» និងសហការរៀបចំសិក្ខាសាលាស្តីពី «ការប្រើថ្នាលនិងសេវា រដ្ឋាភិបាលឌីជីថលក្នុងវិស័យមូលបត្រ»នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។
កម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ត្រូវបានរៀបចំឡើង នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោលបំណងបង្កើតនូវកិច្ចសហការក្នុងការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល តាមរយៈ (១) ការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដើម្បីលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានាដល់បុគ្គល ដែលស្ថិតក្រោមនិយ័តកម្មរបស់ ន.ម.ក ឱ្យកាន់តែមានភាពល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់ និង (២) ការបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីនៃ ន.ម.ក ក្នុងគោលបំណងសហការកសាង និងអភិវឌ្ឍមូលធនឌីជីថល។
ផ្សារភ្ជាប់នឹងកម្មវិធីនេះ ស្ថាប័នទាំងពីរក៏បានសហការរៀបចំសិក្ខាសាលាស្តីពី «ការប្រើថ្នាលនិងសេវារដ្ឋាភិបាលឌីជីថលក្នុងវិស័យមូលបត្រ» ក្នុងគោលបំណងដើម្បីបង្ហាញអំពីរបៀបប្រើប្រាស់ ក៏ដូចជាដំណើរការផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាព ដែលអាចផ្ទៀងផ្ទាត់បញ្ជាក់ភាពត្រឹមត្រូវនៃឯកសារ ដោយគ្រាន់តែប្រើប្រាស់ម៉ាស៊ីនថតរបស់ឧបករណ៍ឆ្លាតវៃក្នុងការស្កេន QR Code ស្តង់ដាដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕