(ពោធិ៍សាត់)៖ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ បានថ្លែងថា កូនចៅ ប្រុសស្រីគ្រប់ៗរូប ទោះជាស្ថិតក្នុងស្ថានភាព ជីវភាពយ៉ាងណាក៏ដោយ ត្រូវតបស្នង និងកតញ្ញូជូនចំពោះមាតាបិតា អាណាព្យាបាលរបស់ខ្លួន មិនត្រូវមើលរំលងនោះឡើយ ព្រោះពួកគាត់បានខិតខំចិញ្ចឹមបីបាច់រក្សាយើង តាំងពីតូចរហូតមកដល់សព្វថ្ងៃ។
លោក យឹម វិសិដ្ឋ បានថ្លែងបែបនេះ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងឱកាសបុណ្យកតញ្ញូ ជាលក្ខណៈប្រមូលផ្តុំ ជូនចំពោះលោកតា លោកយាយ ដែលមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ចំនួន៧៩នាក់ មកពីភូមិក្សេត្របូរី តំបន់ជើ និងតំបន់មល់ ក្នុងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ជាលើកទី៨ នៅសាលាឆាន់វត្តសន្ទ្រែមានជ័យ ក្រោមការរៀបចំឡើងដោយក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន។
លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ បានថ្លែងថា បុណ្យកតញ្ញូ ដែលបានប្រារព្ធធ្វើជូនលោកតា លោកយាយចាប់ពីអាយុ៧០ឆ្នាំឡើង ជាលក្ខណៈប្រមូលផ្តុំ ក្នុងពេលតែមួយ ចំនួន៧៩នាក់ ដែលអញ្ជើញមកពីភូមិក្សេត្របូរី តំបន់ជើ និងតំបន់មល់ ក្នុងឃុំសន្ទ្រែ ដែលកន្លងមកបានធ្វើរួចមកហើយ នៅភូមិគល់ទទឹង ភូមិសន្ទ្រែភូមិស្រែពពាយ នៅវត្តព្រៃខ្លុង ចំនួន១០៨នាក់ និងនៅតំបន់រាំងខ្វាវ បានចំនួន១៥នាក់។
លោកបានបញ្ជាក់ថា បើគិតមកដល់ពេលនេះ ក្រុមការងារបានរៀបចំពិធីនេះ ចំនួន៤ឃុំ គឺឃុំព្រងិល ចំនួន៣៥០នាក់ ឃុំរកាត ចំនួន២៨៥នាក់ ឃុំសំរោង ចំនួន២៣៣នាក់ និងឃុំបាក់ចិញ្ជៀន ចំនួន២៤៩នាក់ សរុបបានចំនួន១,១១៧នាក់ ក្នុងចំណោមលោកតា លោកយាយមានជាង២០០០នាក់។ ការប្រារព្ធេពិធីបុណ្យកតញ្ញូ ជូនលោកតាលោកយាយ ក្នុងឃុំសន្ទ្រែ ក៏ដូចបណ្តាឃុំនានា សំដៅធ្វើយ៉ាងណាឱ្យបានមុនបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ និងឱ្យបានចប់សព្វគ្រប់ស្របទៅតាមការការណែនាំ របស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឱ្យបង្កើតកម្មវិធីនេះឡើង ជូនដល់លោកតា លោកយាយ ដែលមានអាយុ៧០ឡើងទៅ ឱ្យបានគ្រប់ឃុំស្រុក គឺដើម្បីឱ្យកូនចៅ ប្រុសស្រីគ្រប់ៗរូប មានឱកាសចែករំលែកនូវក្តីគោរព និងសុំខមាលទោស ពីសំណាក់មាតា បិតា និងអាណាព្យាបាល ជាអ្នកមានគុណដ៏ធំធេង ដែលបានខិតខំប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សា កុំឱ្យមានបាបកម្ម និងតបស្នងសងគុណ តាមរយៈនៃកម្មវិធីបុណ្យកតញ្ញូនេះ ឱ្យបានទៅដល់កូនចៅគ្រប់ៗគ្នា។
លោកបានវាយតម្លៃថា លោកតា លោកយាយ ពិតជាមានគុណតម្លៃចំពោះសង្គមគ្រួសារ និងសង្គមជាតិ គឺមិនអាចគណនា និងកាត់ថ្លៃបានឡើយ ពោលគឺតែងតែបណ្តុះបណ្តាល អប់រំ លះបង់អាត្មានិយម ផ្តល់នូវក្តីស្រឡាញ់ មេត្តា ករុណា សាមគ្គីភាពភាព ក្នុងមហាគ្រួសារ និងសង្គមជាតិ ប្រកបដោយសេរីភាពសមភាព និងភាពថ្លៃថ្នូរសុខដុមរមនា ក្រោមម្លប់សន្តិភាព។ ក្នុងនាមក្រុមការងារ អាជ្ញាធរដែនដី និងកូនចៅ ប្រុសស្រី សូមលំឱនកាយគោរពដឹងគុណ ចំពោះលោកតា លោកយាយ លោកឳពុក អ្នកម្តាយទាំងអស់ ដែលជានិច្ចកាលតែងតែទូន្មានប្រៀនប្រដៅកូនចៅ សាងតែអំពើរល្អនៅក្នុងសង្គមគ្រួសារ និងសង្គមជាតិ ដោយបានចាត់ទុកថា លោកតា លោកយាយ តែងតែគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ បញ្ជាក់ឱ្យឃើញពីភាពជឿជាក់ និងមានទំនុកចិត្តខ្ពស់ មកលើថ្នាក់ដឹកនាំតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ព្រោះបានយល់ឃើញថា គ្រប់ឃុំក្នុងស្រុកភ្នំក្រវាញ តែងតែទទួលបាននូវសមិទ្ធិផលថ្មីជាច្រើន ចេញពីការខិតខំរបស់ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា បានខិតខំកសាង និងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅក្នុងមូលដ្ឋានដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់អំពីនិន្នាការអ្វីឡើយ។
លោកបានលើកឡើងផងដែរថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយឈរលើទស្សនៈ និងចក្ខុវិស័យវែងឆ្ងាយ និងការកែទម្រង់ស៊ីជម្រៅ ក្នុងការស្តារកសាងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធជាតិ ព្រមទាំងដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ប្រកបដោយសមត្ថភាពខ្ពស់។
នៅក្នុងខណៈនោះលោកប្រធានក្រុមការងារ បានចែកជូនទេយ្យទានជូនលោកតា លោកយាយ ចំនួន៧៩នាក់ ក្នុងម្នាក់ៗទទួលបានស៊ុម និងរូបថតចំនួន១ សំលៀកបំពាក់មួយកំប្លេរ ស្បែកជើងផ្ទាត់១គូរ និងថវិកា១ម៉ឺនរៀល៕