(កំពត)៖ លោក អុឹម ច័ន្ទសោធន អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកទឹកឈូ បានក្រើនរំលឹកដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្រោមឱវាទ ត្រូវយកចិត្តទុកដាក់ខ្ពស់ ពង្រឹងស្មារតីការពារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនពលរដ្ឋ នាឱកាសរដូវបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរនេះ។
ការណែនាំរបស់លោក អុឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ ក្នុងពិធីសំណេះសំណាលជាមួយមេបញ្ជាការកងកម្លាំងទាំងបីប្រភេទនៃរដ្ឋបាលស្រុក នាឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ សម្រាប់ឆ្នាំនេះ។ ពិធីនេះបានប្រព្រឹត្តធ្វើឡើងនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាស្រុកទឹកឈូ។
លោកអភិបាលស្រុកទឹកឈូ បានថ្លែងអំណរគុណដល់កងកម្លាំងពាក់ព័ន្ធក្រោមឱវាទ ចំណុះឲ្យរដ្ឋបាលស្រុក ដែលកន្លងមក ពួកគាត់បានចូលរួមថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋយើង។ ចំពោះករណីបទល្មើស ឃើញថមានការថយចុះ ដោយឡែកមានតែគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះ ដែលប្រឈមខ្លះៗនាពេលកន្លងមក។
ទន្ទឹមនេះ លោកក៏បានជំរុញដល់កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវសហការគ្នា មិនថាក្នុងភូមិសាស្ត្រស្រុក ឬក្នុងភូមិសាស្រ្ត នៃសមត្ថកិច្ចដែនដីស្រុក-ក្រុងដ៏ទៃ ធ្វើយ៉ាងណា យកចិត្តទុកដាក់ បន្តការថែរក្សា ពង្រឹងការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ជៀសវាងបទល្មើសកើតមាន។ ពិសេសជំរុញឲ្យកងកម្លាំងពាក់ព័ន្ធ មានការដាក់ល្បាតនៅពេលយប់ ពិសេសទីតាំងណា ដែលមានហានិភ័យបទល្មើសតែងតែកើតមានឡើងជារឿយៗ ដូចជាកន្លែងមានបទល្មើសចោរឆក់ សកម្មភាពពាក់ព័ន្ធគ្រឿងញៀនជាដើម។
លោកអភិបាលស្រុកទឹកឈូរ ក៏បានលើកឡើងទៀតថា ផែនការទាំងអស់នេះ តែងតែធ្វើជារៀងរាល់ឆ្នាំ ប៉ុន្តែឆ្នាំនេះផែនការត្រូវតែពង្រឹងបន្ថែមទៀត ធ្វើយ៉ាងណា គោលបំណងសំខាន់ដើម្បីឲ្យកងកម្លាំងមានសមត្ថកិច្ច សហការគ្នាជាមួយកងកម្លាំងមានសមត្ថកិច្ចនៃស្រុក-ក្រុងនិងស្ថាប័នពាក់ព័ន្ធ ចូលរួមថែរក្សាការពារសុខសន្តិភាព សណ្ដាប់ធ្នាប់ឲ្យខាងតែបាន ជូនពលរដ្ឋ ជាពិសេសភ្ញៀវជាតិអន្តរជាតិ ដែលមកសម្រាកកំសាន្តលេងនារដូវបុណ្យភ្ជុំបិណ្ឌយើងនេះ ខណៈភូមិសាស្ត្រស្រុកទឹកឈូរសំបូរទៅដោយទីតាំងកន្លែងកំសាន្ត សម្បូរទៅដោយតំបន់ទេសចរណ៍ មានផ្ទះលំហែកាយ រមណីយដ្ឋានទំនើបៗ និងកន្លែងកំសាន្តជាច្រើនកន្លែងផ្សេងទៀត ដែលភ្ញៀវតែងតែមកសម្រាកលំហែកាយ នាឱកាសថ្ងៃឈប់សម្រាក ថ្ងៃបុណ្យផ្សេងៗជាដើម។
ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរយើងនេះ លោកអភិបាលស្រុក ក្នុងនាមរដ្ឋបាលស្រុកទឹកឈូ បាននាំយកមកនូវគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកា ឧបត្ថម្ភដល់កងកម្លាំង ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ថែរក្សាការពារពាក់ព័ន្ធនូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ នាពេលកន្លងមក ក៏ដូចបច្ចុប្បន្ន រួមមាន៖
*១៖ កងកម្លាំងសឹករងស្រុកទឹកឈូ ទទួលបាន អង្ករ ១០០គីឡូក្រាម, មី ០២កេស និងថវិកា៤០ម៉ឺនរៀល
*២៖ កម្លាំងអាវុធហត្ថស្រុកទឹកឈូ ទទួលបាន អង្ករ ១០០គីឡូក្រាម, មី ០២កេស និងថវិកា៤០ម៉ឺនរៀល
*៣៖ អធិការដ្ឋាននគរបាលស្រុកឈូរ ទទួលបាន អង្ករ ២០០គីឡូក្រាម, មី ០២កេស និងថវិកា១លានរៀល៕