(កំពង់ធំ)៖ ព្រះភិក្ខុធម្មបាលោ ជ សុចាយ ព្រះចៅអធិការវត្តឌួងសូរិយា ហៅវត្តក្ដីដូង និងជាធម្មធរមន្ត្រីសង្ឃស្រុកកំពង់ស្វាយ បានអំពាវនាវប្រជាពលរដ្ឋ ក៏ដូចជាយុវជន ងាកមកចូលរួមធ្វើបុណ្យឱ្យបានច្រើន ដើម្បីអនាគតប្រទេសជាតិយើង ជាការសាមគ្គីភាព និងកាន់តែសុខក្សេមក្សាន្តខ្លាំងឡើង។

ព្រះភិក្ខុធម្មបាលោ ជ សុចាយ ព្រះចៅអធិការវត្តឌួងសូរិយា បានមានសង្ឃដិកាប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ធំថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅវត្តឌួងសូរិយា ហៅវត្តីដួង ភូមិក្តីដូងឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ព្រះអង្គមានសង្ឃដិកាថា ញោមញាតិមកចូលរួមដាក់បិណ្ឌ មានច្រើន មិនខុសពីសព្វឆ្នាំប៉ុន្មានមុនទេ។ ដោយឡែកពាក់ព័ន្ធទៅនឹងការរៀបចំខ្លួនឥរិយបថរបស់ពួកគាត់ ក៏យើងឃើញថាមានរបៀបរៀបរយច្រើន ទាំងការស្លៀកពាក់ ទាំងការរាប់បាត្រ បោះបាយបិណ្ឌជាដើម។

ក្នុងឆ្នាំនេះឃើញពួកគាត់អញ្ជើញមកវត្ត ការស្លៀកពាក់របស់គាត់ រាល់ការបំពេញបុណ្យកុសលរបស់គាត់ឃើញថាមានការយល់ដឹងច្រើន។ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ក៏ដូចជាបន្តវេនដោយសម្ដេចធិបតី ជាពិសេសថ្នាក់ដឹក នាំខេត្ត ដែលមានលោក នួន ផារ័ត្ន ជាថ្នាក់ដឹកនាំ លោកបានរៀបចំមានសណ្ដាប់ធ្នាប់ល្អ ពិសេសគឺពាក់ព័ន្ធនៅក្នុងទីវត្តអារាម គឺមន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ ញាតិញោមពុទ្ធបរិស័ទគាត់អញ្ជើញមកវត្តច្រើនកុះករ ហើយចូលរួមកសាងនូវសមិទ្ធផលនានា។

ជាក់ស្ដែងនៅក្នុងវត្តក្ដីដូងនេះ ដែលកំពុងតែកសាងសាលាធំ ដែលមានបណ្ដោយ ៤៨ ម៉ែត្រទទឹង ៣៨ ម៉ែត្រ ហើយក្នុងនោះក៏យើងបានរំលេចកសាងនៅទូក-ង ថ្មីមួយដែរ ដែលជាទំនៀមទម្លាប់មរតកប្រពៃណីរបស់ដូនតា។

ព្រះអង្គបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងសុខសន្តិភាពនេះ គឺសំខាន់បំផុតអាចនិយាយបានថា ដែលយើងមានឱកាសបានបុណ្យទានដូចសព្វថ្ងៃនេះ បើសិនណាគ្មានសន្តិភាព ប្រទេសជាតិមិនមានរបៀបរៀបរយ ការដឹកនាំមិនមាន លក្ខណៈច្បាស់លាស់ទេការធ្វើបុណ្យក៏អត់មានដែរ។ នេះគឺសរបញ្ជាក់ឲ្យឃើញថា «ប្រទេសយើង គឺសន្តិភាព ទើបយើងអាចបំពេញបុណ្យកុសលបាន»

ក្នុងនាមអាត្មាភាពជាចៅអធិការវត្ត ពិសេសនៅក្នុងឱកាសបុណ្យទាននេះ សូមចម្រើនពរទៅដល់ ជាពិសេសយុវជនឱ្យគាត់មានការប្រឹងប្រែងសិក្សារៀនសូត្រ ព្រោះមានតែការសិក្សាទេ ទើបយើងអាចជួយអភិវឌ្ឍភូមិឃុំ ស្រុករបស់យើង ពិសេសគឺប្រទេសជាតិរបស់យើងបាន គឺតាមរយៈការរៀនសូត្រ៕