(ភ្នំពេញ)៖ មហាឧបាសិកា ប៊ុន សាមលេន បងស្រីបង្កើតសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានដឹកនាំក្រុមគ្រួសារ កូនៗនិងចៅៗ អញ្ជើញចូលរួមកាន់បិណ្ឌទី៤ នៅវត្ដលង្កាព្រះកុសុមារាម ស្ថិតនៅសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ មហាឧបាសិកា ប៊ុន សាមលេន ព្រមទាំងបុត្រ និងចៅៗ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ គ្រឿងបរិក្ខារ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យមួយចំនួន ចូលរួមពិធីកាន់បិណ្ឌទី៤នេះផងដែរ។

មហាឧបាសិកា ប៊ុន សាមលេន ក៏បានវេរប្រគេនព្រះសង្ឃ នូវចង្ហាន់ បច្ច័យ ទេយ្យទាន និងគ្រឿងអត្ថបរិក្ខារ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចតេជោ រួមមាន៖ អង្ករ ១០០គីឡូក្រាម, ទឹកក្រូច ៧០កេស, ទឹកផ្លែឈើ​ ចំនួន ៣០កេស (ទឹកត្រឡាច, ទឹកគូលែន, សណ្ដែក), ទឹកសុទ្ធ Aruna តូច ១១០កេស, ទឹកដោះគោខាប់ ២កេស, ស្ករស ៥គីឡូក្រាម, កាកាវចំនួន ២កេស, មៀនកំប៉ុងចំនួន ២កេស, តែ ចំនួន ៥គីឡូក្រាម, នំចិន មួយកន្ដ្រក, ត្រីខចំនួន ៣កេស, ត្រីងៀត ចំនួន១០គីឡូក្រាម, សាច់ក្រក ចំនួន ១០គីឡូក្រាម, មីជាតិ ចំនួន ២កេសធំ (១កេសធំ មាន៦កេសតូច) និងបច្ច័យចំនួន ៤០លានរៀល។

ក្នុងឱកាសនោះ សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល (ចន្ទនត្ថេរោ) ព្រះរាជាគណៈថ្នាក់​ឯក ឧត្តមប្រឹក្សាគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការ​វត្ត​លង្កាព្រះកុសុមារាម បានសម្ដែងនូវក្ដីសប្បាយរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មហាឧបាសិកា ប៊ុន សាមលេន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចតេជោ ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសុខុមាលភាពរបស់ព្រះសង្ឃ និងតែងតែលើកទឹកចិត្ត ចូលរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន ហើយជាពិសេសតែងតែជួយសម្រាលការលំបាកដល់ព្រះសង្ឃ ដែលគង់នៅក្នុងវត្ត ក៏ដូចជាព្រះសង្ឃកំពុងបំពេញវិជ្ជានៅតាមវត្ដអារាមនាន។

សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ក៏សូមឧទ្ទិសមហាកុសលផលបុណ្យនាថ្ងៃនេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន, អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង ប្អូនស្រីបង្កើតសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង ហ៊ុន​ កំសត់ កូនប្រុសបង្កើត សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងឧទិ្ទសមហាកុសល ជូនដួងវិញ្ញាណក្ខ័ន្ធ ជីដូន ជីតា និងញាត្ដិការទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅកាន់បរលោក។

សូមជម្រាបថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលប្រជាជនកម្ពុជា ប្រសិទ្ធនាមថា «មាតាមនុស្សធម៌» គឺជាកុលធីតាខ្មែរដ៏គំរូមួយរូប ទាំងក្នុងសកម្មភាពការងារមនុស្សធម៌ជួយដល់ជនងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅកម្ពុជា ហើយក៏ជាពុទ្ធសាសនិកមួយរូប ដែលតែងតែទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ, ជាក់ស្ដែងនៅក្នុងឱកាសកាន់បណ្ឌិទី ១​ រហូតដល់បណ្ឌិទី៣ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចាត់តំណាងនាំយកនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃ ចំនួន៨ រួចមកហើយ មានដូចជា នៅវត្ដក្របៅ ,វត្ដតាខ្មៅ, វត្ដក្រពើហា, វត្ដព្រែកសំរោង, វត្ដព្រែកឬស្សី, វត្ដមុន្នីប្រសិទ្ធិវង្ស, វត្ដឧណ្ណាលោម និងវត្ដច័ន្ទបុរីវង្ស។

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញាដល់ថ្ងៃទី៣ ខែតុលា៕