(កំពង់ធំ)៖ លោក អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ និងជាប្រធានក្រុមការងារចុះមូលដ្ឋាននឃុំមានរិទ្ធិ បានថ្លែងថា ប្រជាការពារភូមិចូលរួមយ៉ាងសំខាន់ ការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

លោក អ៊ុន បុត្ត បានថ្លែងក្នុងពិធីសួរសុខទុក្ខដល់ប្រជាការពារភូមិនៅក្នុងឃុំមានរិទ្ធិនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥។

លោកបានកោតសរសើរអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងប្រជាការពារ ដែលបានខិតខំបំពេញភារកិច្ចក្នុងការបម្រើប្រជាជន និងរក្សាបាននូវសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អនៅទូទាំងឃុំ ធ្វើឱ្យប្រជាជនយើង មានភាពកក់ក្តៅ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិយើងឱ្យមានការរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

លោកអំពាវនាវអាជ្ញាធរដែនដីរួមជាមួយប្រជាការពារ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តឱ្យបានជោគជ័យបន្ថែមទៀតនូវគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ហើយត្រូវរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ដែលយើង កំពុងមានដូចសព្វថ្ងៃនេះ ឱ្យនៅគង់វង្សជារៀងរហូត។

សម្រាប់បងប្អូនប្រជាការពារនៅក្នុងមូលដ្ឋាន បានយកចិត្តទុកដាក់បំពេញតួនាទី/កិច្ចរបស់ខ្លួន នៅក្នុងកម្មវិធីផ្សេងៗ ពិសេសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ បានរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ឱ្យមានសុវត្ថិភាពនៅក្នុងកម្មវិធីនោះផងដែរ។

ដើម្បីទុកជាអនុស្សាវរីលោក អ៊ុន បុត្ត បានឧបត្ថម្ភនូវសំលៀកបំពាក់ និងសារ៉ុងជូនដល់ប្រជាការពារ១០៨នាក់ក្នុង១នាក់ទទួលបានសម្លៀកបំពាក់០១កំផ្លេ និងសារ៉ុង០១។ លោក ស្រី សៀក មេឃុំមានរិទ្ឋិ តំណាងឲ្យប្រជាការពារ ទាំងអស់បានថ្លែងអំណរគុណដល់លោក អ៊ុន ប៊ុត និងក្រុមគ្រួសារសូមឲ្យមានសុខភាពល្អ ហើយប្ដេជ្ញាចិត្តការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋឲ្យរស់នៅបានសុខសាន្ត៕