(ភ្នំពេញ)៖ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃអាទិត្យ ៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជស្ដីទីនៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅអធិការវត្តបទុមវតី រាជវរារាម ហៅកាត់ថា វត្តបទុមវតី ឬ វត្តបទុម រាជធានីភ្នំពេញ។

លោកស្រីបណ្ឌិត អ៊ុក ម៉ាលី បានថ្លែងឱ្យដឹងថា ទេយ្យវត្ថុ ថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត រួមមាន៖ ទឹកត្រចៀកកាំ ២កន្ដ្រកធំ, ផ្លែប៉ោម ១កេស, ទំពាំងបាយជូរ ១កេស, ត្រីងៀត ២កន្ដ្រក, ទឹកសុទ្ធ ៣កេស, ត្រីខ ១កេស រួមទាំងទេយ្យវត្ថុ និងបច្ច័យមួយចំនួនទៀតផងដែរ។

ក្នុងឱកាសនោះ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត បានមានព្រះរាជបន្ទូល ថ្លែងអំណរគុណ និងកោតសរសើរចំពោះ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបន្ដយកចិត្ដទុកដាក់គ្រប់ពេលវេលា និងបានជូនពរសព្ទសាធុការដល់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រីធីតា និងចៅៗ សូមជួបប្រទះនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ទន្ទឹមនឹងនោះ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា សូមឧទ្ទិសមហាកុសលផលបុណ្យនាថ្ងៃនេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន, លោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ប្អូនស្រីបង្កើតសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង ហ៊ុន កំសត់ កូនប្រុសច្បង សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងឧទិ្ទសមហាកុសល ជូនដួងវិញ្ញាណក្ខ័ន្ធ ជីដូន ជីតា និងញាត្ដិការទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅកាន់បរលោក។

សូមជម្រាបថា កាលពីថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានអញ្ជើញប្រគេន ចង្ហាន់ និងទេយ្យវត្ថុ ថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែតផងដែរ ក្នុងខួបចម្រើនព្រះជន្មគម្រប់១០០ព្រះវស្សា យាងចូល ១០១ព្រះវស្សាកន្លងទៅនេះ និងសូមថ្វាយព្រះពរ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា សូមមានព្រះរាជសុខភាពល្អ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ គង់ប្រថាប់ជាសុខក្នុងព្រះពុទ្ធសាសនាអស់កាលជាអង្វែងតរៀងទៅ៕