(ភ្នំពេញ)៖ លោកស្រី ជា ផល្គុន ឧត្តមភរិយាលោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមទាំងសប្បុរសជន បានអញ្ជើញផ្តល់អាហារបាយទឹកដល់កុមារមានពិការភាព អូទីស្សឹម ខ្សោយសតិបញ្ញា ដោនស៊ីនដ្រូម កុមារកំព្រា ពិការភ្នែក កាយសម្បទា និងអ្នកថែទាំ អាយុចាប់ពី ១ខែ រហូតដល់លើស១៨ឆ្នាំចំនួន ៣០០នាក់ នៅមជ្ឈមណ្ឌលទារក និងកុមារជាតិ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីចូលរួមសកម្មភាពសប្បុរសធម៌ លើកទឹកចិត្ត ផ្តល់ក្តីស្រឡាញ់ និងភាពកក់ក្តៅដល់កុមារក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
ពិធីចុះសួរសុខទុក្ខ និងផ្តល់ជូនអាហារនេះ ធ្វើឡើងនាល្ងាច ថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ មានការអញ្ជើញចូលរួមពីសំណាក់សប្បុរសជននានា ដែលរៀបចំឡើងដោយក្រុមការងារសមាគមតន្រ្តីសំនៀងជនពិការ និងទូរទស្សន៍សង្គមនិងជនមានពិការភាព។
លោកស្រី ថោ ពៅ នាយិកា មជ្ឈមណ្ឌលទារក និងកុមារជាតិ បានលើកឡើងថា នៅក្នុងមជ្ឈមណ្ឌលទារក និងកុមារជាតិ មានកុមារ និងយុវជនមានពិការភាពចំនួន ១៩៥នាក់ រួមមានកុមារពិការចំនួន ១៧៦នាក់ កុមារ HIV ចំនួន៧នាក់ និងកុមារធម្មតា១២នាក់។ ក្នុងនោះមានកុមារ និងយុវជនចំនួន ៨៧នាក់ អាចញ៉ាំអាហារដោយខ្លួនឯងបាន និងកុមារ និងយុវជនចំនួន ១០៨នាក់ ត្រូវការអ្នកថែទាំបញ្ចុក។ កុមារចំនួន ៥០នាក់ ត្រូវញ៉ាំបបររ៉េហ្សីម និងកុមារចំនួន ៣៥នាក់ ត្រូវប្រើប្រាស់ (លេប) ថ្នាំប្រកាច់ជារៀងរាល់ថ្ងៃ។ កុមារ ដែលមាន អាយុចាប់ពី០១ឆ្នាំ ដល់១៨ឆ្នាំ មានចំនួន ១៣០នាក់ និងយុវជនអាយុលើ១៨ឆ្នាំ មានចំនួន ៦៥នាក់។
បើតាមលោកស្រី ជារួម កុមារ និងយុវជនដែលរស់នៅក្នុងមជ្ឈមណ្ឌលទារក និងកុមារជាតិ មានអាយុចន្លោះពី១ខែ ដល់ ៤៣ឆ្នាំ។ កុមារនិងយុវជនទាំងនោះភាគច្រើន ទទួលពីមន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារជាតិ មន្ទីពេទ្យជប៉ុន និងទទួលពីអាជ្ញាធរ ដែនដីដែលត្រូវបានឪពុកម្តាយ ឬសាច់ញាតិបោះបង់ចោល ឬស្លាប់ចោល និងមួយចំនួនត្រូវ ឪពុកម្តាយបោះបង់ចោលនៅខាងមុខមជ្ឈមណ្ឌលតែម្តង។
មជ្ឈមណ្ឌលទារក និងកុមារជាតិ បានទទួលការឧបត្ថម្ភ និងរបបប្រចាំថ្ងៃ តាមអនុក្រឹត្យលេខ ៩០ អនក្រ .បក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៧នៃអនុក្រឹត្យលេខ ១១៦ អនក្រ.បក ស្តីពី របបគោលនយោបាយចំពោះជនរងគ្រោះស្នាក់នៅក្នុងមជ្ឈមណ្ឌលរបស់រដ្ឋ ដោយបានដំឡើងប្រាក់ម្ហូបអាហារ ពី ៤៥.០០០រៀល ក្នុងមួយខែ ទៅ ១៥០.០០០រៀល ក្នុងខែ។ ផ្អែកតាមការឧបត្ថម្ភនេះ មជ្ឈមណ្ឌលបានផ្តល់នូវអាហារដល់កុមារចំនួន ០៣ពេល និងមានអាហារសម្រន់ ០២ពេល ក្នុងមួយថ្ងៃ រួមមាន៖ ទឹកសណ្តែក ឬទឹកដោះគោ នំចំណី និងផ្លែឈើផ្សេងៗ។
ថ្លែងក្នុងឱកាសនោះផងដែរ លោក ចាប តូ អនុរដ្ឋលេខាធិការ និងជាប្រធានសមាគមតន្រ្តីសំនៀងជនពិការ បានលើកឡើងថា ក្នុងនាមជនមានពិការភាពកន្លងមក សមាគមតែងតែកៀរគរសប្បុរជន ដើម្បីចូលរួមធ្វើសកម្មភាព កិច្ចការងារសង្គមសប្បុរសធម៌ សម្របសម្រួលបញ្ហាសុខភាព ថវិកា សម្ភារៈជួយដល់ជនមានពិការភាព ចែករំលែកនូវក្តីស្រឡាញ់ អាហារទានជូនដល់កុមារ និងអ្នកថែទាំ ដោយមិនទុកឱ្យពួកគេនៅឯកោឡើយ។
ក្នុងឱកាសនោះផងដែរ លោកស្រី ជា ផល្គុន បានពាំនាំមកនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីលោក ជា សុមេធី ជូនចំពោះ កុមារមានពិការភាព និងបងប្អូនទាំងអស់ដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាល លោក និងលោកស្រី តែងតែគិតគូរពីសុខទុក្ខ ផ្តល់ភាពកក់ក្តៅ ក្តីស្រឡាញ់ចំពោះ បងប្អូនជនមានពិការភាព ប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា និងជនងាយរងគ្រោះ ផ្សេងៗដោយមិនប្រកាន់រើស អើង វណ្ណៈ ជាតិសាសន៍ពណ៌សម្បុរអ្វីឡើយ។ ការជួបជុំគ្នានាថ្ងៃនេះ ក៏ជាការបញ្ជាក់ថា ជនមានពិការភាព ក៏មានសិទ្ធិទទទួលបាននូវការស្រលាញ់រាប់អាន មានឱកាស ចូលរួមរាល់សកម្មភាពនានាក្នុងសង្គមស្មើៗគ្នា និងត្រូវបានផ្តល់តម្លៃ ដែលជាចំណែកនៃកោសិកាសង្គមមិនអាចខ្វះបាន។
លោកស្រី បានបន្តថា ការជួបជុំរបស់នាថ្ងៃនេះ ក៏បានបញ្ជាក់ថាកុមារដែលបានស្នាក់នៅ និងមើលថែទាំក្នុងមជ្ឈមណ្ឌលទារក និងកុមារជាតិ គឺមិនត្រូវបានបំភ្លេចចោលឡើយ ជនមានពិការភាព ក៏មានសិទ្ធិទទទួលបាននូវការស្រលាញ់រាប់អាន មានឱកាសចូលរួមរាល់សកម្មភាពនានាក្នុងសង្គមស្មើៗគ្នា និងត្រូវបានផ្តល់តម្លៃ ដែលជាចំណែកនៃកោសិកាសង្គមមិនអាចខ្វះបាន។ ជាពិសេស គឺមានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រមុខរាជរដ្ឋាភិបាលផងដែរ។
គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ មានជនមានពិការភាពមានបណ្ណសមធម៌ចំនួន ៤៩,០២១ នាក់ បានចុះឈ្មោះចូលក្នុងកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងមានជនមានពិការភាពចំនួន ២១,១៨៤ នាក់ បានចុះឈ្មោះដើម្បីទទួលផលពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ព្រមទាំងចំនួន ២៥០ នាក់ បានចុះឈ្មោះបណ្តុះបណ្តាលវិជ្ជាជីវៈ។ ដោយឡែក ជនមានពិការភាពដែលមានបណ្ណសម្គាល់ជនមានពិការភាពនៅរាជធានីខេត្តទាំង ២៥ កំពុងបន្តចុះឈ្មោះដើម្បីទទួលផលពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។
បញ្ហាពិការភាព ជាបញ្ហាមួយដែលត្រូវចាប់អារម្មណ៍ និងយកចិត្តទុកដាក់សម្រាប់ពិភពលោក តាមរយៈ ការស្រាវជ្រាវពិនិត្យឃើញថា អត្រាជនមានពិការភាព បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារកត្តាជាច្រើន រួមមាន៖ ជំងឺ កង្វះអាហារូបត្ថម្ភ ចាស់ជរា តំណពូជ និងគ្រោះថ្នាក់ផ្សេងៗ។ ផ្អែកតាមរបាយការណ៍ អង្កេតសេដ្ឋកិច្ច សង្គមកម្ពុជាឆ្នាំ២០២១ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានបញ្ជាក់ថាអត្រាជនមានពិការភាព កម្ពុជា មានប្រមាណ ៥.៣% (ប្រមាណ ៨៧២,៥២៧ នាក់) នៃចំនួនប្រជាជនសរុបប្រមាណជាង ១៦លាននាក់។
ផ្តើមចេញពីបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការ និង លិខិតូបករណ៍អន្តរជាតិផ្សេងៗ បានកសាងនិងដាក់ឱ្យអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ព្រមទាំងបានដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និង ការការពារមាតុភូមិ ឆ្នាំ២០២៣* ២០២៨ សំដៅពង្រឹងការអភិវឌ្ឍមូលធនមនុស្ស លើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជន ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀងឱ្យកាន់តែប្រសើរឡើង ដែលអ្នកទទួលផល ក៏មានជនមានពិការភាពផងដែរ។
លោកស្រី ក៏បានឲ្យដឹងថា អំណោយទាំងអស់នេះ គឺបានមកពីការចូលរួមចំណែកពី សប្បុរសជននានា ជាពិសេស រដ្ឋមន្រ្តី តែងតែយកចិត្តទុកដាក់និងគិតគូរពីសុខទុក្ខរបស់បងប្អូនជនមានពិការភាពទាំងអស់។
សម្រាប់អំណោយឧបត្ថម្ភរួមមាន៖
* ផ្តល់ម្ហូបអាហារ ឡុកឡាក់សាច់គោ ម្ជូរគ្រឿងសាច់គោ បបរមាន់ស្រែ ភេសជ្ជៈនិងបង្អែម
* លោកស្រី ជា ផល្គុន បានឧបត្ថម្ភអ្នកថែមទាំចំនួន ៨៧នាក់ ក្នុងម្នាក់ៗថវិកា ៥០.០០០រៀល
* បាយឆាបង្គា និងនំប៉័ង Bread Talk
* ឧបត្ថម្ភដល់មជ្ឈមណ្ឌល ថវិកា ១.០០០.០០០រៀល
* អង្ករ ២០០ គីឡូ
* មីម៉ាម៉ា ៥កេសធំ
* ត្រីខ ២កេសធំ
* ទឹកក្រូច ៥កេស
* ទឹកបរិសុទ្ធ ២៥កេស
* នំស្រួយលីលី ៩កេស និង ៨ ថង់ធំ៕