(ពោធិ៍សាត់)៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពស២៥៦៨ គស២០២៤ លោកស្រី អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ រួមជាមួយលោកស្រី អនុប្រធាន និងសមាជិការ កិត្តិយស លោកស្រីជាគណៈកម្មការសាខា នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញសំណេះសំណាល និងចែកអំណោយជូនដល់ជនចាស់ជរាគ្មានទីពឹង និងជនមានពិការភាព មកពីបណ្តាស្រុកក្រុង ក្នុងខេត្តពោធិ៍សាត់ ចំនួន២០នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ១៥គីឡូក្រាម មី១កេស ទឹកដោះគោ២កំប៉ុង ទឹកត្រី១យួរ ត្រីខ១យួរ សាប៊ូលាងចាន១ដប សាប៊ូបោកខោអាវ១ដប ឃីត១កញ្ចប់ រួមមានក្នើយ១ សារុង១ ភួយ១ និងថវិកា៥ម៉ឺនរៀល។
លោកស្រី អាំង សុជាតា ខូយរីដា បានថ្លែងថា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពស២៥៦៨ គស២០២៤ ដែលឈានចូលមកដល់នេះ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ បានអញ្ជើញលោកតា លោកយាយ មានវ័យចំណាស់គ្មានទីពឹង និងជាជនពិការ ដែលជួបកង្វះខាតស្បៀង មកពីបណ្តាស្រុកក្រុង ចំនួនទាំង២០នាក់ ធ្វើការចែកជូនវត្ថុកំដរដៃ សម្រាប់ទទួលទាន និងទៅវត្ត ដែលសកម្មភាពនេះតែងតែធ្វើជាបន្តបន្ទាប់ និងគ្រប់ទីកន្លែង។
លោកស្រីបានបញ្ជាក់ជូនថា ការសំណេះសំណាល ជាមួយលោកតាលោកយាយនាពេលនេះ ក្នុងគោលបំណងស្វែងយល់អំពីស្ថានភាព ជីវភាពរស់នៅ ដើម្បីឱ្យក្រុមការងារបានដឹង ងាយស្រួលក្នុងការដោះស្រាយ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព។
លោកស្រីបានថ្លែងថា អំណោយទាំងនេះ គឺបានមកពីការចូលរួមពីសំណាក់ប្រធាន អនុប្រធាន សមាជិកាកិត្តិយស និងគណៈកម្មការ សាខាសមាកមនារីគ្រប់បណ្តាមន្ទីរ អង្គភាពនិងសប្បុរសជន ទាំងក្នុងនិងក្រៅខេត្ត ដែលមានទំនុកចិត្តជឿជាក់មកលើការងារដឹកនាំ និងបានចូលរួមជាថវិកា និងសម្ភារសម្រាប់ចែកជូនដល់ជនចាស់ជរាគ្មានទីពឹង និងជនពិការជាដើម។
លោកស្រីបានផ្តាំផ្ញើដល់ លោកតាលោកយាយ បន្តយកចិត្តទុកដាក់ ក្នុងការថែរក្សាសុខភាពឱ្យបានល្អ ដោយត្រូវហូបស្អាត រស់នៅស្អាត បើមានបញ្ហាប្រឈមអ្វីមួយ ត្រូវទំនាក់ជាមួយអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីធ្វើការឆ្លើយតប។
តាមរយៈនេះដែរ លោកស្រីបានសំណូមពរដល់លោកតា លោកយាយ ជួយជម្រុញ និងផ្សព្វផ្សាយទៅដល់កូនចៅ បងប្អូន កូនក្មួយ ត្រូវបង្កើនការប្រុងប្រយ័ត្ន អំពីករណីគ្រោះថ្នាក់ចរាចរណ៍ បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើងដែលនាំមកនូវបាត់បង់នូវកិត្តិយស សេចក្តីថ្លៃថ្នូរក្នុងគ្រួសារ និងសង្គមជាតិ។
លោកតាលោកយាយ បានដឹងមកហើយថា រាល់ពេលយើងមានទុក្ខលំបាក គឺមានតែសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងអាជ្ញាធរខេត្ត ស្រុក ក្រុង ឃុំ សង្កាត់របស់យើងប៉ុណ្ណោះ តែងតែរួមសុខរួមទុក្ខ និងរួមដោះស្រាយគ្រប់ពេលវេលាទាំងអស់ ដោយមិនប្រកាន់អំពីនិន្នាការនយោបាយអ្វីឡើយ និងសូមជូនពរ លោកតាលោកយាយទាំងអស់ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នា៕