(ភ្នំពេញ)៖ តបតាមការចាត់តាំងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា, កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោក វង្សី​ វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូទៅចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២១ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន ដោយមានការចូលរួមអមដំណើរដោយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមន្រ្តីជាន់ខ្ពស់នៃទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងពាណិជ្ជកម្ម។

ពិព័រណ៍ចិន-អាស៊ាន លើកទី២១ ឆ្នាំ២០២៤នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៨ ខែកញ្ញា​ ឆ្នាំ២០២៤ ក្រោមប្រធានបទ «លើកកម្ពស់មិត្តភាព, ស្មោះត្រង់រួមគ្នា, អភិវឌ្ឍន៍ និងចែករំលែកផលប្រយោជន៍ ប្រកបដោយបរិយាប័ន្ន ក្នុងក្របខណ្ឌសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីអនាគតថ្មី និងជំរុញការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរី ៣.០ រវាងចិន-អាស៊ាន ដើម្បីកំណើនក្នុងតំបន់»។

តាមកម្មវិធីលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងឡើងថ្លែងសុន្ទរកថាបើកពិព័រណ៍ចិន-អាស៊ាន លើកទី២១។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏នឹងកាត់ខ្សែបូសម្ពោធស្តង់ពិព័រណ៍កម្ពុជា និងកាត់ខ្សែបូសម្ពោធពន្លាជាតិកម្ពុជាផងដែរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងវិនិយោគិន ធុរជន ពាណិជ្ជករ និងអាជីវករជាច្រើននាក់។ ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏នឹងមានជំនួបពិភាក្សាការងារជាមួយលោក Ding Xuexiang ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោក Lan Tianli អភិបាលនៃតំបន់ស្វយ័តក្វាងស៊ីផងដែរ។

ការចូលរួមពិព័រណ៍ចិន-អាស៊ាននេះ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីផលិតផលសក្តានុពលរបស់កម្ពុជាស្វែងរកទីផ្សារនាំចេញទំនិញពីកម្ពុជា និងពង្រឹងភាពជាម្ចាស់នៃវិស័យឯកជនឱ្យមានបណ្តាញជាអន្តរជាតិ, ទាក់ទាញវិនិយោគិនឱ្យមកវិនិយោគនៅកម្ពុជា តាមរយៈការរៀបចំវេទិកាធុរកិច្ច និងកិច្ចពិភាក្សាធុរកិច្ច, ពង្រឹងកិច្ចសហប្រតិបត្តិការល្អលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូតរវាងកម្ពុជា-ចិន និងរវាងកម្ពុជាជាមួយបណ្តាប្រទេសនានាក្នុងតំបន់ ជាពិសេសប្រទេសក្នុងតំបន់អាស៊ាន និងផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងទាក់ទាញភ្ញៀវទេសចរ។ ដូចនេះ ការចូលរួមពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ានលើកទី២១នេះ គឺជាឱកាសដ៏ល្អសម្រាប់កម្ពុជា ក្នុងការចូលរួមវេទិកាពាណិជ្ជកម្មនានា និងរៀបចំវេទិកាជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា។

តាមការគ្រោងទុកកម្ពុជានឹងមានការរៀបចំវេទិកាជំរុញធុរកិច្ច វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន និងពិធីចុះកិច្ចសន្យាពាណិជ្ជកម្មរវាងក្រុមហ៊ុនចិន និងក្រុមហ៊ុនកម្ពុជា ក្នុងអំឡុងពេលកម្ពុជាចូលរួមពិព័រណ៌ដ៏មានសារសំខាន់នេះ៕