(ពោធិ៍សាត់)៖ លោក ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងលោក ហួត សារឹម អនុរដ្ឋលេខាធិការ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្ទីរជំនាញ សហការចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំជាប្រចាំផ្លូវជនបទចំនួន១០ខ្សែ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានឱ្យដឹងថា ផ្លូវទាំង១០ខ្សែនេះមានទទឹងចន្លោះពី៥ម៉ែត្រ រហូតដល់៨ម៉ែត្រ ហើយសរុបមានប្រវែង១០៤គីឡូម៉ែត្រ និង៣៥០ម៉ែត្រ ស្ថិតនៅតាមបណ្តាឃុំ-សង្កាត់ចំនួន១២ ក្នុងស្រុកបាកាន ស្រុកតាលោសែនជ័យ ស្រុកក្រគរ ស្រុកភ្នំក្រវាញ ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់។ ចំពោះការងារថែទាំជាប្រចាំផ្លូវទាំង១០ខ្សែនេះ គឺអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ដោយប្រើប្រាស់ថវិកាជំពូក៦១ ជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។
ជាមួយគ្នានោះ លោក ចាន់ ដារ៉ុង រួមនឹងគណៈកម្មាធិការអន្តរក្រសួង បានជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋដែលជាអ្នកអាស្រ័យផលផ្លូវទាំងនេះ ដោយលោកបណ្ឌិតបានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ប្រជាពលរដ្ឋ។
លោកបានជម្រាបជូនថា គណៈកម្មាធិការអន្តរក្រសួងចុះមកក្នុងពេលនេះ គឺដើម្បីធ្វើការត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្នុងការងារថែទាំផ្លូវជនបទដែលបានកសាងកន្លងមក ជាលទ្ធផលគណៈកម្មាធិការបានទទួលយក១០០ភាគរយ ក្នុងការថែទាំបានល្អផ្លូវទាំង១០ខ្សែនោះ នៅមានគុណភាពល្អប្រសើរ អាចបន្តបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកកសិផល។
ជាមួយគ្នានោះ លោកនិងអាជ្ញាធរមូលដ្ឋានត្រូវរួមចំណែកក្នុងការថែរក្សាផ្លូវទាំងនោះ ដើម្បីការប្រើប្រាស់បានយូរអង្វែងបន្ថែមទៀត ដោយកុំចាក់ដីលុបលូរំដោះទឹកដែលមានស្រាប់ ហើយពេលចាក់ដីខ្ពស់ជាងផ្លូវសុំដាក់លូរំដោះទឹក និងកុំទុកដាក់សម្ភារៈផ្សេងៗ ឬហាលស្រូវដំឡូងនៅលើផ្លូវ ព្រមទាំងត្រូវទបស្កាត់រថយន្តធំៗដឹកលើសទម្ងន់។
លោក ចាន់ ដារ៉ុង បន្តថា រាជរដ្ឋាភិបាលបច្ចុប្បន្នបាននិងកំពុងខិតខំអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើនទៅមុខបន្ថែមទៀត ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ៥៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនា៥៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅអភិវឌ្ឍប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងខិតខំក្នុងការលុបបំបាត់ផ្លូវលំដីសរជនបទមកជាផ្លូវក្រាលក្រួសក្រហមជំនួសវិញ និងកំពុងកែប្រែផ្លូវជនបទកាលក្រួសក្រហមឱ្យមកជាផ្លូវកៅស៊ូរជាបន្តបន្ទាប់ ដើមជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ក្រៅពីការងារស្ថាបនាកសាងហេដ្ឋារចនាសម្ធ័នជនបទ ក្រសួងអភិវឌ្ឍន៍ជនបទបានយកចិត្តទុកដាក់ខ្ពស់ផងដែរ លើការងារថែទាំផ្លូវដើម្បីអាយុកាលប្រើប្រាស់បានយូរអង្វែង៕