(ក្រចេះ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជាអធិបតីពិធីបិទព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់យុវជនប្រឆាំងគ្រឿងញៀន ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ រដូវកាលទី១ នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤។
ពិធីនេះមានការអមដំណើរដោយលោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង ខេត្តក្រចេះ ព្រមទាំងលោក កៅ អ៉ឺមរ៉ន អនុប្រធានក្រុមការងារ និងជាប្រធានទទួលបន្ទុកខ្មែរឥស្លាមទូទាំងខេត្តក្រចេះ។
ព្រឹត្តិការណ៍នៃការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ យុវជនប្រឆាំងគ្រឿងញៀន រដូវកាលទី១ ឆ្នាំ២០២៤ នៅកីឡដ្ឋានរស្មីសន្តិភាពពង្រ១ ដែលស្ថិតនៅក្នុងភូមិពង្រ១ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ដោយមានការចូលរួមប្រកួតពីក្រុមកីឡាសរុបចំនួន ២០ក្រុម ក្នុងនោះក្រុមបាល់ទាត់យុវជនមានចំនួន ១៦ក្រុម និងក្រុមវ័យចំណាស់ចំនួន ៤ក្រុម។
ឆ្លងកាត់ការប្រកួតរយៈពេល ៥ថ្ងៃ លទ្ធផលចុងក្រោយទទួលបានដូចខាងក្រោម៖ ទី១. សម្រាប់ក្រុមវ័យចំណាស់ ជ័យលាភីលេខ១ គឺក្រុមវ័យចំណាស់ព្រែកតាហុបទទួលបានពាន១ និងសម្រាប់លទ្ធផលក្រុមយុវជនក្នុងចំណាត់ថ្នាក់៤ ក្រុមចុងក្រោយគឺលេខ១ បានទៅលើក្រុមសារ៉វហ្វូតសាល និងលេខ២ បានទៅលើក្រុមមហាហង្សឈើទាលភ្លោះ។
ជ័យលាភីលេខ១ ទទួលបានថវិកាចំនួន ៨លានរៀល មេដាយកីឡាករចំនួន ២២រូប និងពាន ១។ ជ័យលាភីលេខ២ ទទួលបានថវិកា ៥លានរៀល និងមេដាយកីឡាករចំនួន ២២រូប និងជ័យលាភីលេខ៣ ទទួលបានថវិកាចំនួន ២,៥លានរៀល និងលេខ៤ ទទួលបានថវិកាចំនួន ១,៥លានរៀល៕