(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលទទួលភ្ញៀវអន្តរជាតិ បានអនុញ្ញាតជូន លោក Dominic Williams ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម។
ជាកិច្ចចាប់ផ្ដើម អភិសន្តិបណ្ឌិត ស សុខា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា និងសហការី មកកាន់ទីស្ដីការក្រសួងមហាផ្ទៃ។ ទន្ទឹមនេះ លោកអភិសន្តិបណ្ឌិតក៏បានឆ្លៀតយកឱកាសនេះ សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកឯកអគ្គរាជទូត ដែលបានបំពេញតួនាទីយ៉ាងសកម្មព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការដ៏ល្អ រវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស ដែលបាននាំយកមកនូវសមិទ្ធផលសំខាន់ៗជាច្រើនរួមចំណែកដល់ការអភិវឌ្ឍ និងរីកចម្រើនរបស់ប្រទេសកម្ពុជា។
លោកអភិសន្តិបណ្ឌិត ក៏បានកត់សម្គាល់ឃើញថាទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលក្នុងរយៈពេលជាង ៧ទសវត្សរ៍ កន្លងមកនេះ មានទំនាក់ទំនងមិត្តភាពល្អ និងមានភាពជាដៃគូស្ទើគ្រប់វិស័យ រួមជាមួយនឹងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាដែលបានផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
លោកអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចក្រភពអង់គ្លេស ចំពោះការប្ដេជ្ញាចិត្ត និងសហការណ៍យ៉ាងជិតស្និតជាមួយ រដ្ឋាភិបាលកម្ពុជា ក្នុងវិស័យជាច្រើន ជាពិសេសវិស័យអប់រំ ដែលរាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ដែលតែងតែផ្ដល់ឱកាសដល់និស្សិតកម្ពុជា ទៅបន្តការសិក្សាជាន់ខ្ពស់នៅចក្រភពអង់គ្លេស តាមរយៈកម្មវិធីអាហារូបករណ៍Chevening ដែលជាការផ្ដល់នូវឱកាសដ៏មានសារៈសំខាន់នេះ បានរួមចំណែកយ៉ាងធំធេងដល់ការកសាងមូលធនមនុស្សសម្រាប់កម្ពុជា ក្នុងដំណើរការអភិវឌ្ឍសង្គមជាតិ សម្រាប់រយៈពេលយូរអង្វែង។
ជាការឆ្លើយតប ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះ អភិសន្តិបណ្ឌិត ស សុខា ដែលបានអនុញ្ញាតឱ្យលោក និងសហការី ចូលជួបសម្ដែងការគួរសម ហើយលោកក៏បានសម្ដែងការសាទរចំពោះ លោកអភិសន្តិបណ្ឌិត ដែលបានបំពេញតួនាទីក្នុងការរក្សាសន្តិភាព និងសន្តិសុខ នៅក្នុងព្រះរាជាណាចក្រកម្ពុជាបានយ៉ាងល្អ ជាក់ស្តែងបញ្ជាក់ឱ្យឃើញតាមរយៈការកើនឡើងនូវភ្ញៀវទេសចរណ៍អង់គ្លេសមកកាន់កម្ពុជាច្រើនលើសលប់។
លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលកម្ពុជាក្នុងការខិតខំប្រឹងប្រែងបង្កើតប្រព័ន្ធ E-Visa ដើម្បីមានភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ដែលមកកាន់កម្ពុជា។ លើសពីនេះឯកឧត្ដម ក៏បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជានិងចក្រភពអង់គ្លេស ។
មុននឹងបញ្ចប់ លោកអភិសន្តិបណ្ឌិត បានសម្ដែងការជឿជាក់យ៉ាងមុតមាំថា នឹងខិតខំបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យមានភាពរីកចម្រើនកាន់តែខ្លាំង៕