(ចិន)៖ រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចូលរួមកម្មវិធី Asia-Pacific Digital Talent Summit 2024 ចាប់ពីថ្ងៃទី២១-២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពី បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន អង្គទូតបរទេស និងអង្គការអន្តរជាតិ ប្រចាំសាធារណរដ្ឋប្រជាមានិតចិន។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការបណ្ដុះទេពកោសល្យ និងកសាងធនធានមនុស្ស ឌីជីថលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងអបអរសាទរនិសិ្សតជ័យលាភីនៅក្នុងកម្មវិធីគ្រាប់ពូជដើម្បីអនាគត (Seeds For The Future 2024) និងកម្មវិធីទេពកោសល្យឌីជីថលឆ្នាំ២០២៤ (Digital Talent Program 2024)។
កម្មវិធីនេះមានការចូលរួមពីនិស្សិតចំនួន ១៤០ រូប មកពីប្រទេសចំនួន ១៩ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមាន និស្សិតជ័យលាភីកម្ពុជាចំនួន ៦រូប មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងសាកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា (CamTech)។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយ បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន អំពីការអភិវឌ្ឍថ្មីៗនៃបរិវត្តកម្មឌីជីថល និងសេដ្ឋកិច្ចឌីជីថលក្នុងអាស៊ានផងដែរ៕