(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំនាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋាន បរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមប្រធានបទធ្វើអំណោយទានជីវិត នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលមាននាយទាហាន ចូលរួមចំនួន១៤១ នាក់ ក្នុងនោះក៏មានសិក្ខាកាមចំនួន៤០នាក់ក៏ស្ម័គ្រចិត្តបរិច្ចាគឈាមផងដែរ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានលើកឡើងថា ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ការបរិច្ចាគឈាមនេះ កងកម្លាំងមិនត្រឹមតែអនុវត្តការងារប្រតិបត្តិការ ថែក្សាសន្តិសុខ សុវត្តិភាព ជូនប្រទេសជាតិនោះទេ ថែមទាំងបានធ្វើកិច្ចការមនុស្សធម៍ជាច្រើន ដូចជាថ្ងៃនេះកងកម្លាំងជានាយទាហាន នាយទាហានរងរបស់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានស្ម័គ្រចិត្តការបរិច្ចាគឈាម ដ៏មហាសប្បុរស ក្រោមប្រធានបទ"ធ្វើអំណោយទានជីវិត" ដែលជាតិត្រូវការចាំបាច់សម្រាប់សង្គ្រោះជីវិតមនុស្សទូទៅ។
លោក សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម មានប្រសាសន៍ថា កម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទាំងអស់បានបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល គឺបានធ្វើអំណោយទានជីវិត ក្រៅពីសកម្មភាពការពារសន្តិសុខគ្រប់បែបយ៉ាងជូនជាតិ និងប្រជាពលរដ្ឋ មានការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃ រួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្តីសប្បុរសបំផុត។
លោកប្រធានមជ្ឈមណ្ឌល លើកឡើងទៀតថាប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាម នៅទូទាំងប្រទេសដើម្បីធានាឱ្យមានការផ្គត់ផ្គង់ ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ ដោយគ្មាន ការរើសអើង មិនប្រកាន់ ជាតិសាសន៍ សាសនា ឬនិន្នាការឡើយ៕