(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហោះសារបញ្ជាក់ថា នៅថ្ងៃនេះ ជាខួបលើកទី២៦ឆ្នាំ ដែលសម្តេចបានរួចជីវិតពីការប៉ុនប៉ងធ្វើឃាត នៅក្រុងសៀមរាប កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨។
ជាមួយនឹងការរំលឹកខួប២៦ឆ្នាំនេះ នៃការរួចជីវិតពីការប៉ុនប៉ងសម្លាប់សម្តេច ពីសំណាក់ពួកឃាតករលាក់មុខនេះ សម្តេចតេជោបានអរព្រះគុណ ដល់គុណបុណ្យវត្ថុស័ក្តិសិទ្ធក្នុងលោក ដែលតាមការពារសម្តេច ជាពិសេសព្រះពិរុណ ដែលបានបង្អុរធ្លាក់យ៉ាងខ្លាំង ធ្វើឱ្យខ្សែភ្លើងបញ្ជាគ្រាប់ត្រូវឆ្លងមិនអាចផ្ទុះទាំង ៤គ្រាប់បាន។
សម្តេចបញ្ជាក់ថា សម្តេចមិនផ្តល់ឱកាសឱ្យក្រុមឃាតករលាក់មុខ ដែលជាប្រភេទភេរវករ មានឱកាសបំផ្លាញជាតិ បំផ្លាញជីវិតសម្តេច និង ក្រុមគ្រួសារសម្តេច ក៏ដូចជាប្រជាជនកម្ពុជាតទៅទៀតទេ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះខ្លឹមសារទាំងស្រុងដូច្នេះថា «ថ្ងៃ២៤ កញ្ញា ២០២៤នេះ ជាខួបលើកទី២៦ឆ្នាំ នៃការរួចរស់ជីវិតនៃការប៉ុនប៉ងធ្វើឃាតមកលើរូបខ្ញុំ នៅទីក្រុងសៀមរាប (២៤ កញ្ញា ១៩៩៨ -២៤ កញ្ញា ២០២៤)។
ពិនិត្យមើលត្រឡប់ទៅក្រោយវិញកាលពី២៦ឆ្នាំមុន ខ្ញុំមិនគួរមានជិវិតរស់នៅដល់សព្វថ្ងៃនេះទេ ព្រោះគ្រាប់រ៉ុកែ្កតបេ ៤០មួយគ្រាប់ក្នុងចំណោម៤ គ្រាប់បានហោះសំដៅរថយន្តខ្ញុំ តែវាខុសត្រឹមតែមួយចំអាមពីមុខកញ្ចក់រថយន្តតែប៉ុណ្ណោះ។
សូមអរព្រះគុណគ្រប់អង្គបារមី ដែលតាមការពារខ្ញុំ អរព្រះគុណព្រះពិរុណ ដែលបានបង្អុរធ្លាក់មកស្ទើរបាក់មេឃ តាំងពីម៉ោង ៣ទៀបភ្លឺ រហូតម៉ោង៨ព្រឹក ដែលធ្វើឱ្យខ្សែភ្លើងបញ្ជាគ្រាប់ត្រូវឆ្លងមិនអាចផ្ទុះទាំង ៤គ្រាប់បាន នៅពេលដែលគេបញ្ជាបាញ់ខ្ញុំ នៅម៉ោង៨:៥៥នាទី តាមខ្សែភ្លើងពីចម្ងាយ។
ពួកគេចោទខ្ញុំថា ជាអ្នកដឹកនាំផ្តាច់ការ ក្នុងពេលដែលពួកជាឃាតករលាក់មុខជ្រកក្រោមផ្លាកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ខ្ញុំមិនផ្តល់ឱកាសឱ្យក្រុមឃាតករលាក់មុខ ដែលជាប្រភេទភេរវករ មានឱកាសបំផ្លាញជាតិ បំផ្លាញជីវិតខ្ញុំ និង ក្រុមគ្រួសារខ្ញុំ ក៏ដូចជាប្រជាជនកម្ពុជាតទៅទៀតទេ។ ខ្ញុំអាចនៅសល់ពេល១០ឆ្នាំ ២ឬ៣ដងទៀត ដើម្បីរារាំង និងដាក់ទោសពួកភេរវករទាំងនេះ។ អាយុមិនអស់មិនស្លាប់ ដែលដូនតាបាននិយាយពិតជាត្រឹមត្រូវ»៕