(ភ្នំពេញ)៖ វិមានរដ្ឋធម្មនុញ្ញដ៏ល្អវិចិត្រតម្លៃជាង២លានដុល្លារអាមេរិក ត្រូវបានសម្ពោធជាផ្លូវការហើយនៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញដែលតំណាងឱ្យភាពគង់វង់ដ៏រឹងមាំនៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ត្រូវបានប្រព្រឹត្តទៅយ៉ាងមហោឡារិក ក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជពិធីប្រកបដោយក្តីសោមនស្សរីករាយយ៉ាងក្រៃលែងនេះ ក៏មានការអញ្ជើញចូលរួមអមព្រះមហាក្សត្រ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវបរទេសជាឯកអគ្គរាជទូត រដ្ឋទូតប្រទេសជាមិត្តប្រចាំនៅកម្ពុជា ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករ។
វិមានរដ្ឋធម្មនុញ្ញត្រូវបានក្រុងពាលីបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ហើយរួចរាល់ជាស្ថាពរនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ដោយប្រើរយៈពេលប្រមាណ១៤ខែ។ វិមានរដ្ឋធម្មនុញ្ញ ដឹកនាំសាងសង់ដោយលោកបណ្ឌិតស្ថាបត្យករ លី រស្មី រួមជាមួយក្រុម អ្នកបច្ចេកទេសជំនាញជាស្ថាបត្យករ វិស្វករ សិល្បករ វិចិត្រករ អ្នកអក្សរសាស្ត្រ សរុបចំនួន ៧០រូប ចំណាយថវិកាជាងសរុប ២,២៣៨,៨៤៧ដុល្លារអាមេរិក។
វិមានរដ្ឋធម្មនុញ្ញ មានកម្ពស់ពីទ្រនាប់ខ្សាច់ដល់កំពូលត្រីសូល៍សរុប ២៣,៤ម៉ែត្រ និងមានទម្ងន់សរុបប្រមាណ ១១២,៩៩តោន ត្រូវបានសាងសង់លើផ្ទៃដីទំហំ ២,៣៨០ម៉ែត្រក្រឡា សង់បែរ មុខទៅទិសខាងកើត។
វិមានរដ្ឋធម្មនុញ្ញ ត្រូវបានសង់ឡើងលើទីតាំងសួនច្បាររាងត្រីកោណ ស្ថិតនៅប៉ែកខាងលិចនៃវិមានឯករាជ្យ ដោយសារទីសួននេះ ប្រកបដោយអត្ថន័យជ័យភូមិ ដ្បិតមានវត្តលង្កាព្រះកុសុមារាម ស្ថិតនៅទិសខាងត្បូង ជានិមិត្តរូបនៃសីលធម៌ និងមានវិទ្យាស្ថានជាតិអប់រំ ស្ថិតនៅទិសខាងជើង ជានិមិត្តរូបនៃចំណេះវិជ្ជា។ ជាមួយវត្តមានវិមានរដ្ឋធម្មនុញ្ញ បានធ្វើឱ្យទីតាំងនេះ និងតំបន់ជុំវិញបានក្លាយជាទីតាំងដ៏ពិសិដ្ឋមួយរបស់កម្ពុជា នៅក្នុងរាជធានីភ្នំពេញ អាស្រ័យដោយមាន សំណង់បេតិកភណ្ឌជាតិចំនួនបីតាំងនៅជាជួរលើអ័ក្សតែមួយ គឺវិមានឯករាជ្យ ជានិមិត្តរូបជាតិ, វិមានរដ្ឋធម្មនុញ្ញ ជានិមិត្តរូបសាសនា ច្បាប់, មណ្ឌបព្រះបរមរូបជានិមិត្តរូប ព្រះមហាក្សត្រ ដែល សំណង់ទាំងបីប្រៀបបានតាមទស្សនៈដ៏សំខាន់នៃជំនឿ វប្បធម៌ សាសនា ក្នុងទ្រឹស្តីត្រីមូរតិ ស្របនឹងទស្សនាទានជាតិ គឺជាតិ សាសនា ព្រះមហាក្សត្រ ដែលជាព្រលឹងជាតិ។
លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានថ្លែងថា វិមានរដ្ឋធម្មនុញ្ញដ៏ល្អប្រណីតឧត្តមថ្លៃថ្លានេះ គឺជានិមិត្តរូប នៃគុណតម្លៃធម្មនុញ្ញទំនើបផ្សារភ្ជាប់ជាមួយវប្បធម៌ សាសនា ប្រពៃណីទំនៀមទម្លាប់ល្អនៃដួងព្រលឹងជាតិខ្មែរ ធ្វើឱ្យវិមាន ដ៏ពិសិដ្ឋនៅលើទីឧទ្យាននេះនឹងក្លាយជាមជ្ឈមណ្ឌលជួបជុំនៃប្រជាពលរដ្ឋ ជនានុជនទាំងឡាយគ្រប់និន្នាការនយោបាយ ដែលនឹងមកទស្សនា សិក្សាស្រាវជ្រាវ បានយល់ដឹងអំពីអត្ថន័យខ្លឹមសារនៃរដ្ឋធម្មនុញ្ញ និងអត្ថន័យនៃស្ថាបត្យកម្មវិមានរដ្ឋធម្មនុញ្ញ។
លោក អ៉ឹម ឈុនលឹម បន្តថា វិមានរដ្ឋធម្មនុញ្ញ នឹងពិតជាបានលើកកម្ពស់មនសិការឯកភាពជាតិ និងស្នេហាជាតិ ដែលជាស្មារតីដ៏ថ្លៃថ្លាដូចបានឆ្លុះបញ្ចាំងនៅក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញ ដែលមានខ្លឹមថា «យើង ប្រជារាស្ត្រខ្មែរ... បានភ្ញាក់រលឹក ក្រោកឈរឡើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់រួបរួមគ្នា ពង្រឹងឯកភាពជាតិ រក្សាការពារ ទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ កសាងប្រទេសជាតិឱ្យទៅជា [កោះសន្តិភាព] ឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិប តេយ្យសេរីពហុ បក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់, ទទួលខុសត្រូវ ខ្ពស់ចំពោះវាសនាអនាគតជាតិ ឱយបានឈានឡើងរីកចំរើន លូតលាស់ សម្បូររុងរឿងជានិច្ចនិរន្តរ៍»។
វិមានរដ្ឋធម្មនុញ្ញ ត្រូវបានសម្ពោធចំខួប៣១ឆ្នាំ នៃការកកើតឡើងវិញនៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ក្រោយបញ្ចប់ជម្លោះជាង២០ឆ្នាំ។ ព្រះករុណាព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលថា វិមានរដ្ឋធម្មនុញ្ញ ជាការបង្ហាញឱ្យឃើញថា ប្រជាជាតិខ្មែរមានឆន្ទៈគោរព ការពារ លើកតម្កើង និងប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិ។
ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានបង្ហាញព្រះរាជហឫទ័យរំភើបជាអនេក ចំពោះវិមានរដ្ឋធម្មនុញ្ញ ដែលត្រូវបានស្ថាបនាក្នុងទម្រង់សិល្បៈស្ថាបត្យកម្មដ៏ល្អវិចិត្រ។ ព្រះមហាក្សត្រខ្មែរ បានមានព្រះរាជបន្ទូលចាត់ទុកវិមានរដ្ឋធម្មនុញ្ញ គឺជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋតំណាងឱ្យ និមិត្តរូបនីតិរដ្ឋ ដែលមានរដ្ឋធម្មនុញ្ញ ជាកំពូលនៃច្បាប់ផងទាំងឡាយនៅកម្ពុជា។
សូមបញ្ជាក់ថា សំណង់វិមានរដ្ឋធម្មនុញ្ញ ត្រូវបានរៀបចំជាពីរផ្នែកចម្បង។ ផ្នែកទី១ គឺវិមានផ្នែកខាងក្រោម មានសាលតូចរាងកាកបាទ ត្រូវបានប្រសិទ្ធនាមថា ខេមរសន្តិមូលសាល ជាទីតាំងស្ដម្ភរដ្ឋធម្មនុញ្ញ ដែលនៅខាងលើមានទម្រតម្កល់ព្រះសិរមហាព្រហ្ម កសាងពីសំរឹទ្ធ។ សសរស្ដម្ភរដ្ឋធម្មនុញ្ញ មានរាង៦ជ្រុង ដែលជ្រុងខាងមុខមានចារឹកបុព្វកថារដ្ឋធម្មនុញ្ញ និង៥ជ្រុងផ្សេងទៀត សម្រាប់ចារឹកយុទ្ធវិធីទាំងប្រាំនៅក្នុងយុទ្ធសាស្ត្រនយោបាយឈ្នះ-ឈ្នះនាំមក នូវសន្តិភាពដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន គឺបំបែក, ឯកោ បញ្ចប់, សមាហរណកម្ម, អភិវឌ្ឍន៍ តំណាងដោយព្យពា្ជនៈប្រាំតួគឺ «ប-ឯ-ប-ស-អ»។
ផ្នែកទី២ គឺតួមហាបុស្បុក មានទម្ងន់សរុបប្រមាណ ១២តោន កសាងពីសំរឹទ្ធប្រមាណ៧០ភាគរយ ស្ពាន់ប្រមាណ៣០ភាគរយ ក្នុងទម្រង់សិល្បៈខ្មែរប្រកបដោយក្បូរក្បាច់ដ៏ល្អិតល្អន់ ល្អវិចិត្រ សាងឡើងតាមក្បួនខ្នាតរចនាបថខ្មែរបុរាណ។ ក្នុងទម្រង់សិល្បៈបែបនេះ ទើបនាំឱ្យសន្និដ្ឋានបានថា វិមានរដ្ឋធម្មនុញ្ញ គឺជាសិលាលោហប្រាសាទ ដ៏ធំល្អវិចិត្រនៅកម្ពុជា ដែលនឹងក្លាយជា សំណង់សតវត្សរ៍ក្នុងអនាគតកាល៕