(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី ម៉ា លូ អនុប្រធានសហជីពទូទាំងប្រទេសចិន ACFTU បានអញ្ជើញមកទស្សនកិច្ចពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍រវាង សហភាពសហព័ន្ធ សហជីពជាតិកម្ពុជា CCTU ដែលសហជីពទាំង២ តែងតែផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមករៀងរាល់ឆ្នាំ ហើយមានចំណងភាពជាមួយគ្នាតាំងពីឆ្នាំ១៩៩៧មក មានរយៈពេល២៧ឆ្នាំមកហើយ។
លោកស្រី ទេព គឹមវណ្ណារី សហភាពសហព័ន្ធសហជីពជាតិកម្ពុជា បានថ្លែងអំណរគុណលោកស្រីអនុប្រធាន ACFTU ដែលបានអញ្ជើញមកកាន់ស្នាក់ការផ្ទាល់របស់សហភាពសហព័ន្ធសហជីពជាតិកម្ពុជា និងបានផ្តល់កិច្ចទំនាក់ទំនងល្អក្នុងភាពជាបងប្អូនដែកថែបរវាងសហជីពចិន ACFTU និងសហជីពកម្ពុជា CCTU។
លោកស្រីបានលើកឡើងថា សហជីពកម្ពុជា CCTU តែងតែគាំទ្រគ្នាទៅវិញទៅមកជាពិសេសនៅអង្គការសហប្រជាជាតិខាងការងារ ILC នៅទីក្រុងសេណែវជារៀងរាល់ឆ្នាំ ហើយតែងតែបោះឆ្នោតគាំទ្រភាគីសហជីពចិន ACFTU មិនដែលខានម្តងណាឡើយនៅឆាកអន្តរជាតិ។ CCTU នឹងនៅតែរក្សាចំណងមិត្តភាពក្នុងភាពជាដៃគូសហការ ក្នុងភាពជាអង្គការវិជ្ជាជីវៈ និងគាំទ្រគោលនយោបាយចិនតែមួយ ស្របតាមគម្រោងខ្សែក្រវាត់ និងផ្លូវជារៀងរហូតគ្រប់ៗជំនាន់។
ចំណែកភាគីសហជីពចិន ACFTU លោកស្រី ម៉ា លូ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ CCTU ដែលមានចំណងមិត្តភាពរវាងគ្នានឹងគ្នាបានល្អទាំងនៅថ្នាក់តំបន់ និងអន្តរជាតិ។ នៅឆ្នាំក្រោយ គឺជាខួបលើកទី១០០ឆ្នាំ នៃការបង្កើតសហជីពទូទាំងប្រទេសចិន ក្រោមអធិបតីលោកប្រធានាធិបតី ស៊ីជិនពីង ចិន ជារៀងរាល់អាណត្តិ និងបាននាំការផ្តាំផ្ញើការសួរសុខទុក្ខ និងកោតសរសើរអំពីសហជីកម្ពុជា CCTU ដែលធ្វើជាស្ពានគាំទ្រគ្នាទៅវិញទៅមកមិនដែលខាន។
លោកស្រីបន្តទៀតថា ភាគីទាំងពីររួមគ្នាពង្រឹងផ្សាភ្ជាប់រវាងបក្ស និងកម្មករឲ្យក្លាយទៅជាសង្គមនិយមតាមបែបសម័យទំនើប និងបង្កើនការផ្សព្វផ្សាយអំពីការផលិត និងស្នាដៃ សមត្ថភាពការងាររបស់កម្មករនិយោជិក និងបណ្តុះបណ្តាលអំពីការប្រើបច្ចេកកវិទ្យាសម័យឌីជីថល ផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ នៃការចូលសមាជិកសហជីព និងបន្តពង្រឹងពង្រីកការចងក្រងសហជីពធុនតូច និងមធ្យមឲ្យបានច្រើន និងទូលំទូលាយគ្រប់វិស័យ បន្តខិតខំការអភិវឌ្ឍឲ្យខ្លាំង និងត្រូវរៀបចំបានបង្កើតប្រព័ន្ធគ្រប់គ្រងការចូលជាសមាជិកសហជីពតាមប្រពន្ធ័ឌីជីថល។
ជាចុងបញ្ចប់ភាគីទាំង២ ប្ដេជ្ញារួមគ្នានឹងបន្តទំនាក់ទំនងល្អនេះជានិរន្ត៍គ្រប់ៗជំនាន់ ហើយបន្តជួយគាំទ្រគ្នាទៅវិញទៅមក និងរៀបចំគម្រោងបណ្តុះបណ្តាលថ្នាក់ដឹកនាំសហជីព តាមរយៈគម្រោងខ្សែក្រវាត់ និងផ្លូវ មកដល់សហជីពកម្ពុជា៕