(កណ្តាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានកោតសរសើរមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលបានដោះស្រាយបញ្ហាការជន់លិចផ្លូវដោយទឹកភ្លៀង បន្ទាប់ពីធ្វើការស្តារល្បាប់ភក់ពីប្រពន្ធ័លូរ ក្រោយដំណើរការ ស្ថានីយ៍បូមទឹកសុវណ្ណភូមិ ដើម្បីរំដោះទឹកកុំឱ្យជន់លិចផ្លូវសំខាន់ៗក្នុងក្រុង ជាពិសេស វិទ្យាល័យ ហ៊ុន សែន សេរីភាព ហៅសាលាលិចទឹក កុំឱ្យប៉ះពាល់ដល់ការសិក្សា និងការប្រឡងបាក់ឌុប។
លោកអភិបាលខេត្តកណ្ដាល បានថ្លែងសរសើរនៅចំពោះថ្នាក់ដឹកនាំខេត្តកណ្ដាល និងបណ្ដាអភិបាលក្រុង-ស្រុក នៅគ្រាដែលលោកបានអញ្ចើញសូត្រមន្តកាន់បិណ្ឌវេនទី៧ តាមប្រពៃណីយ ព្រះពុទ្ធសាសនានៅវត្តសុវណ្ណវារី (ហៅវត្តព្រែកតាទែន) ស្រុកពញាឮ ខេត្តកណ្តាលនាល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ អំពីការរស់នៅរបស់ប្រជាពលរដ្ឋ និងសោភណ័ភាពទីប្រជុំជន លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានចុះត្រួតពិនិត្យ និងបញ្ជាឱ្យធ្វើការស្តារប្រពន្ធ័ប្រឡាយ លូរ រំដោះទឹកទាំងអស់ និងបានបញ្ជាឱ្យធ្វើការសិក្សាបង្កើតប្រពន្ធ័លូរថ្មីបន្ថែម ព្រមទាំងឱ្យបង្កើនការស្ថាបនា និងដាក់ដំណើរការជាបណ្តោះអាសន្ន ស្ថានីយ៍អាងស្តុកទឹកទី១ (ស្ថានីយសុវណ្ណភូមិ) ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ដើម្បីបញ្ចៀសការជន់លិចផ្លូវសំខាន់ក្នុងក្រុង មានដូចជាផ្លូវលេខ១០៨ ផ្លូវលេខ១០៩ ផ្លូវលេខ១១០ ផ្លូវលេខ២០៨ និងផ្លូវលេខ២០៩ ព្រមទាំងកំណាត់ផ្លូវជាតិលេខ២១ ជាពិសេស វិទ្យាល័យ ហ៊ុន សែន សេរីភាព ហៅសាលាលិចទឹក ឱ្យខានតែបាន ដើម្បីកុំឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្ស និងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី០៨-០៩ តុលា ខាងមុខ។
លោកប្រធានមន្ទីរ បានបន្ថែមថា ទោះបីស្ថានីយសុវណ្ណភូមិ ពុំទាន់បានបំពាក់សម្ភារៈបច្ចេកទេសទៅតាមស្តង់ដារ ក៏ដោយក៏អាចមានអនុភាពបូមរំដោះទឹកបានប្រមាណ២០០០ម៉ែត្រគូប ក្នុងមួយម៉ោងដែរ ហើយបន្ទាប់ពីយើង ដាក់ដំណើរការស្ថានីយនេះ ឃើញថា ផ្លូវសំខាន់ៗខាងលើ ជាពិសេស សាលាលិចទឹក ឃើញថា ក្រោយភ្លៀងរាំង គឺស្រកអស់ដែរហើយ។ ហើយបន្ទាប់ពីស្ថានីយ៍សុវណ្ណភូមិពាក់សម្ភារៈរួចរាល់ជាស្ថាពរ និងប្រពន្ធ័លូរថ្មីៗ ត្រូវបានបង្កើតឡើងបន្ថែមទៀតនោះ ផ្លូវទូទាំងក្រុង នឹងលែងបារម្ភពីការជន់លិចដោយទឹកភ្លៀងទៀតហើយ ជាពិសេស វិទ្យាល័យ ហ៊ុន សែន សេរីភាព ក៏បាត់ឈ្មោះ ថាជា សាលាលិចទឹក ទៀតដែរ។
ជាមួយគ្នានេះ លោកបានទទូចស្នើរសុំបងប្អូនប្រជាពលរដ្ឋ សូមមេត្តាកុំបោះសំរាមចោលពាសវាលពាសកាល និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ហើយមិនត្រូវដាក់សំរាម នៅមាត់លូរ ឬគម្របលូរ និងបោះសំរាមចូលក្នុង ប្រឡាយរំដោះទឹក ដែលនាំឱ្យស្ទះចរន្តទឹក ហើយបើយើងរួមសហការគ្នាបានល្អ នោះទីក្រុងរបស់យើងលែងព្រួយបារម្ភពីការជន់លិចដោយជំនន់ទឹកភ្លៀងទៀតហើយ៕