(កណ្តាល)៖ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោកស្រី, លោក គួច ចំរើន អភិបាលខេត្តកណ្តាល និងលោកស្រី រួមជាមួយ លោក លោកស្រី សមាជិក ក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការ តាមអង្គភាពស្ថាប័ណជុំវិញខេត្ត និងពុទ្ធបរិស័ទជាច្រើនទៀត បានចូលរួមសូត្រមន្ត កាន់បិណ្ឌវេនទី៧ ធ្វើបទនមស្ការ ព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែង ព្រះធម៌ទេសនា នៅវត្តសុវណ្ណវារី (ហៅវត្តព្រែកតាទែន) ព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។ ពិធីបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។
បុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៍ធំមួយ នៅក្នុងចំណោមពិធីបុណ្យដទៃទៀត ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ក្នុងគោលបំណង ដើម្បីឧទ្ទិសដល់ដួងវិញ្ញាណខន្ធ បុព្វការីជន មានមាតាបិតា ញាត្តិការទាំង៧សន្តានដែលបានធ្វើមរណៈកាលទៅកាន់ បរលោក សូមវិញ្ញាណក្ខន្ធអស់លោកទាំងនោះ យោងយោគទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តក៏បានប្រគេនទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ រួមទាំងបច្ច័យមួយចំនួនផងដែរ៕