(កំពង់ឆ្នាំង)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្ទាប់ពីលោកបានទទួលរបាយការណ៍ពីលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនឹងករណីស្ត្រីម្នាក់ជាអតីតកម្មការិនីរោ ងចក្រស្បែកជើង មានទីលំនៅក្នុងភូមិក្តុលអភិវឌ្ឍន៍ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានជំងឺហើមជើងនិងហើមខ្លួនប្រាណរ៉ាំរ៉ៃ ដើរមិនរួចអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ លោកសាស្ត្រាចារ្យក៏បានចា ត់ឱ្យលោកប្រធានមន្ទីរសុខាភិបាលខេត្ត រៀបចំយករថយន្តរបស់មន្ទីរពេទ្យទៅដឹកស្ត្រីរងគ្រោះពីលំនៅឋានដើម្បីយកមកពិនិត្យព្យាបាលជាបន្ទាន់ផងដែរ។
លោកបានផ្តាំផ្ញើបុគ្គលិកសុខាភិបាលក្នុងខេត្តកំពង់ឆ្នាំង ត្រូវយកចិត្តទុកដាក់ថែទាំព្យាបាលស្ត្រីជាអតីតកម្មការិនីរោងចក្រខាងលើនេះ ដោយយកអស់ពីកម្លាំងកាយចិត្ត និងឱ្យអស់លទ្ធភាព។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោកបានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ខណៈដែលលោកបានអញ្ជើញទៅសួរសុខទុក្ខស្ត្រីជាអតី តកម្មការិនីខាងលើនៅក្នុងមន្ទីរពេទ្យឱ្យដឹងថា បន្ទាប់ពីលោកទទួលបានព័ត៌មានតាមរយៈព័ត៌មាន Fresh News អំពីស្ថានភាពជំងឺស្ត្រីជាអតីតកម្មការិនីរោងចក្រដែលមានជំងឺម្យ៉ាងធ្វើឱ្យនាងព្យាបាលមិនជា និងដើរមិនរួចជាច្រើនឆ្នាំ មកហើយនោះ លោកក៏បានចាត់ឱ្យរថយន្តរបស់មន្ទីរ ពេទ្យបង្អែកខេត្តទៅដឹកស្ត្រីរងគ្រោះពីលំនៅដ្ឋានដើម្បីយកមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗដែរ។ ក្នុងនោះលោកក៏បានគោរពរាយការណ៍ ជូនលោកសាស្ត្រា ចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពាក់ព័ន្ធនឹងស្ថានភាពជំងឺសង្ខេបមួយចំនួនជូនលោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានជ្រាបផងដែរ។
លោកវេជ្ជបណ្ឌិតបានឱ្យដឹងទៀតថា បន្ទាប់ពីលោកសាស្ត្រាចារ្យរដ្ឋមន្ត្រីទទួល បានរបាយការណ៍ និងលទ្ធផលសង្ខេបពីស្ថានភាពជំងឺរបស់អ្នកជំងឺខាងលើនេះហើយ លោកសាស្ត្រាចារ្យ និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានផ្ដាំផ្ញើបុគ្គលិកសុខាភិបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ត្រូវយកចិត្តទុកដាក់ថែទាំពិនិត្យព្យាបាលអ្នកជំងឺឱ្យអស់លទ្ធភាពដូចអ្នកជំងឺដទៃទៀតផងដែរ ករណីចាំបាច់ត្រូវរាយការណ៍ជូនលោកជាបន្ទាន់ ដើម្បីលោកសាស្ត្រាចា រ្យនិងចាត់ចែងបន្ត។
បច្ចុប្បន្នអ្នកជំងឺត្រូវបានក្រុមគ្រូពេទ្យជំនាញកំពុងយកចិត្តទុកដាក់ក្នុងការពិនិត្យតាមដានជំងឺទៅតាមបច្ចេកទេសវិទ្យាសាស្រ្តដើម្បីរករោគសញ្ញា ថាតើជាជំងឺអ្វីឱ្យពិតប្រាកដងាយស្រួលក្នុងការប្រើថ្នាំព្យាបាល ឲ្យចំទៅតាមរោគសញ្ញានៃជំងឺរបស់គាត់។
ដោយឡែកលោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅក្នុងពេលដែលលោកវេជ្ជបណ្ឌិតកំពុងពិនិត្យស្ថានភាពជំងឺស្ត្រីជាអតីតកម្មការិនីរោងចក្រខាងលើនេះ នៅក្នុងមន្ទីរពេទ្យ លោកវេជ្ជបណ្ឌិតក៏ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ជាដំបូងលោកត្រូវពិនិត្យរករោគសញ្ញាជំងឺឱ្យបានច្បាស់លាស់ជាមុនសិន តែស្ថានភាពជំងឺនេះលោកវេជ្ជបណ្ឌិត និងលោកដុកទ័រជំនាញៗមានការសង្ស័យទៅលើជំងឺម្យ៉ាង ដែលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តមិនមានឧបករណ៍ឡាបូណ៌ដើម្បីពិនិត្យ ហេតុនេះលោកវេជ្ជបណ្ឌិតបានចំណាយនូវថវិកាផ្ទាល់ខ្លួនរបស់លោកដោយយកឈាមរបស់អ្នកជំងឺទៅពិនិត្យនៅមន្ទីរពិសោធន៍ប៉ាស្ទ័រភ្នំពេញ បើរកឃើញរោគសញ្ញាដូចដែលក្រុមវេជ្ជបណ្ឌិតនិងដុកទ័រជំ នាញរបស់លោកមានការសង្ស័យពិតមែននោះ អ្នកជំងឺពិតជាបានជាសះស្បើយក្នុងពេលឆាប់ៗនេះមិនខានឡើយ។ តែបច្ចុប្បន្នក្រុមគ្រូពេទ្យមិនទាន់ហ៊ានសន្និដ្ឋានថាយ៉ាង ណានោះនៅឡើយ ដោយសារតែកំពុងធ្វើការតាមដាននិងពិនិត្យរករោគសញ្ញាឲ្យបានច្បាស់លាស់ជាមុនសិន។
លោកវេជ្ជបណ្ឌិតបានបន្តឱ្យដឹងទៀតថា បើទោះជាអ្នកជំងឺមានរោគសញ្ញាប្រភេទអ្វីក៏ដោយ ក៏ក្រុមគ្រូពេទ្យរបស់លោកនៅតែបន្តយកចិត្តទុកដាក់ក្នុងការព្យាបាល និងថែទាំដោយអស់លទ្ធភាពនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត។ ដោ យឡែកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងនេះ ចំពោះការស្នាក់នៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យអ្នកជំងឺទូទៅ និងមានរបបអាហារចំនួនពីរពេលថ្ងៃត្រង់ និងពេលល្ងាចទាំងអ្នកជំងឺ និងអ្នកកំដរ ហេតុនេះអ្នកជំងឺដែលចូលមក សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ទោះជាត្រូវសម្រាកព្យាបាលរយៈពេលយូរប៉ុណ្ណាក៏ដោយក៏ខាងមន្ទីរពេទ្យ នៅតែបន្តយកចិត្តទុកដាក់ថែទាំ និងព្យាបាលរហូតទាល់តែបានជាសះស្បើយ។
ក្នុងឱកាសសួរសុខទុក្ខដល់អ្នកជំងឺជាអតីតកម្មការិនីរោងចក្រ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងកាលពីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោក ឈាង ចន្ធី ប្រ ធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង តាមរយៈបណ្ដាញព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង លោកក៏បានជួយឧបត្ថម្ភនូវគ្រឿងឧបភោ គបរិភោគមួយចំនួនជូនដល់អតីតកម្មការិនីរោងចក្រ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេ ត្តមួយចំនួនផងដែរ។
ក្នុងនោះមានៈ អង្ករចំនួន៥០គីឡូក្រាម, មី២កេះតូច, ទឹកត្រី២យួរ, ត្រីខកំប៉ុង២យួរ, ដោយឡែកលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានជួយឧបត្ថម្ភថវិកាចំនួន២០ម៉ឺនរៀល។ លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ក៏បានជួយឧបត្ថម្ភការយកឈាមទៅពិនិត្យ នៅមន្ទីរពិសោធន៍ប៉ាស្ទ័រភ្នំពេញគិតជាថវិកាចំនួន២០ម៉ឺនរៀលផងដែរ។
សូមបញ្ជាក់ថា នៅក្នុងពេលដែលរថយន្តរបស់មន្ទីរពេទ្យទៅដឹកស្ត្រីជាអតីតកម្មការិនីរោងចក្រពីមូលដ្ឋាន យកមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក៏មានការចូលរួមជូនដំណើរពីក្រុមប្រឹក្សាស្រុកសាមគ្គីមានជ័យ ពីលោកស្រី ប៉ែន សោភា មេឃុំស្វាយជុក ក្រុមប្រឹក្សាឃុំស្វាយជុក លោកមេភូមិក្តុលអភិវឌ្ឍន៍ លោកវេជ្ជបណ្ឌិត លឹម ឃុន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិការកំពុងត្រឡាច លោកប្រធានមណ្ឌលសុខភាព រួមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនអ្នកទៀត បានចូល រួមជូនដំណើរ និងជូនពរដល់ក្មួយស្រីឱ្យឆាប់បានជាសះ ស្បើយ និងឆាប់បានវិលត្រឡប់ចូលបម្រើការងារវិញ ក្នុងនោះក៏មានអំណោយជាគ្រឿងឧបភោគបរិភោគ រួមនិងថវិ កាសរុបចំនួន២៧ម៉ឺនរៀល សម្រាប់ទុកដោះស្រាយទៅតា មតម្រូវការចាំបាច់ផ្សេងៗក្នុងការសម្រាកព្យាបាលនៅមន្ទី រពេទ្យបង្អែកខេត្ត៕