(ភ្នំពេញ)៖ វិមានរដ្ឋធម្មនុញ្ញ ត្រូវបានរៀបចំពិធីសម្ពោធ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ នៃព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងវត្តមានដ៏ឧត្តុង្គឧត្តម នៃ សម្តេចគណៈអធិបតី ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។
នាឱកាសនោះ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានបង្ហាញអំពីដើមហេតុនៃការកសាង និងអំពីទស្សនាទានស្ថាបត្យកម្មនៃការកសាងវិមានរដ្ឋធម្មនុញ្ញ។
បើតាមលោក អ៉ឹម ឈុនលឹម ដើមហេតុនៃការកសាងវិមានរដ្ឋធម្មនុញ្ញគឺ៖
ដោយយល់ឃើញថា រដ្ឋធម្មនុញ្ញដែលព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ទ្រង់ឡាយព្រះហស្តលេខាប្រកាសឱ្យប្រើ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ មានអាយុកាល ៣០ឆ្នាំគត់ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ជារដ្ឋធម្មនុញ្ញដែលមានអត្ថិភាព និងស្ថិរភាពយូរអង្វែងជាងគេ ក្នុងប្រវត្តិរដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយក្នុងអំឡុងពេលនេះ ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបោះជំហានទៅមុខ សម្រេចបានសមិទ្ធផលធម្មនុញ្ញគួរកត់សម្គាល់ គឺ៖ ប្រទេសជាតិមានសុខសន្តិភាពពេញបរិបូណ៌ មានឯកភាពជាតិ ឯកភាពទឹកដី ក្រោមរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយព្រះអង្គ រាជរដ្ឋាភិបាលតែមួយ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បាននិងកំពុងចាក់ឫសក្នុងវប្បធម៌សង្គម-នយោបាយ របស់កម្ពុជា ពិសេសក្នុងស្រទាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយវឌ្ឍនភាព និងភាពទន់ភ្លន់ ស្របតាមបរិបទនៃសង្គមខ្មែរ ដែលមានខឿនអារ្យធម៌និងប្រពៃណីទំនៀមទម្លាប់ល្អ តាំងពីបុរាណកាលមក។
ម្យ៉ាងទៀត ទាក់ទងនឹងប្រវត្តិសាស្ត្រនៃការចាប់កំណើតរដ្ឋធម្មនុញ្ញនិយមនៅកម្ពុជា បើគិតពីរយៈពេលនៃការទទួលយករដ្ឋធម្មនុញ្ញទំនើបដំបូងនៅឆ្នាំ១៩៤៧ មកទល់ពេលនេះ គឺមានរយៈពេលជិត ៨ទសវត្សរ៍ហើយ ដែលកម្ពុជាពុំធ្លាប់បានកសាងវិមានអនុស្សាវរីយ៍ដើម្បីជានិមិត្តរូប និងជាទីសម្រាប់ប្រារព្ធពិធីអបអរសាទររដ្ឋធម្មនុញ្ញនៅឡើយ។ ហេតុនេះ ក្រុមប្រឹក្សាធម្មនុញ្ញយល់ឃើញថា ស្របពេលនៃការប្រារព្ធពិធីអបអរសាទររំលឹកខួប ៣០ឆ្នាំនៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នេះគឺជាសម័យកាលដ៏សមគួរ សម្រាប់ការកសាងវិមានរដ្ឋធម្មនុញ្ញ ទុកជាគោលចារឹក ជាមរតកដ៏វិសេសវិសាល និងជានីតិបូជនីយដ្ឋានជានិរន្តរ៍តទៅ។
អនុវត្តនូវគោលគំនិតនេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានស្នើសុំរាជរដ្ឋាភិបាល យកទីតាំងសួនច្បាររាងត្រីកោណ ស្ថិតនៅប៉ែកខាងលិចនៃវិមានឯករាជ្យ ដើម្បីស្ថាបនាសំណង់វិមានរដ្ឋធម្មនុញ្ញ អាស្រ័យដោយទីសួននេះ ប្រកបដោយអត្ថន័យជ័យភូមិ ដ្បិតមានវត្តលង្កាព្រះកុសុមារាម ស្ថិតនៅទិសខាងត្បូង ជានិមិត្តរូបនៃសីលធម៌ និងមានវិទ្យាស្ថានជាតិអប់រំ ស្ថិតនៅទិសខាងជើង ជានិមិត្តរូបនៃចំណេះវិជ្ជា។ ក្រោយពេលដែលវិមាននេះបានសាងសង់រួច ទីតាំងនេះ និងតំបន់ជុំវិញ បានក្លាយជាទីតាំងដ៏ពិសិដ្ឋមួយរបស់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងរាជធានីភ្នំពេញ អាស្រ័យដោយមានសំណង់បេតិកភណ្ឌជាតិចំនួន ៣តាំង នៅជាជួរលើអ័ក្សតែមួយ គឺវិមានឯករាជ្យ ជានិមិត្តរូប ជាតិ; វិមានរដ្ឋធម្មនុញ្ញ ជានិមិត្តរូប សាសនា ច្បាប់; មណ្ឌបព្រះបរមរូប ជានិមិត្តរូប ព្រះមហាក្សត្រ ដែលសំណង់ទាំងបីប្រៀបបានតាមទស្សនៈដ៏សំខាន់នៃជំនឿ វប្បធម៌ សាសនា ក្នុងទ្រឹស្តីត្រីមូរតិ ស្របនឹងទស្សនាទានជាតិ គឺ ជាតិ សាសនា ព្រះមហាក្សត្រ ដែលជាព្រលឹងជាតិនៃព្រះរាជាណាចក្រកម្ពុជា។
លោក អ៉ឹម ឈុនលឹម ក៏បានលើកឡើងអំពីទស្សនាទានស្ថាបត្យកម្មនៃការកសាងវិមានរដ្ឋធម្មនុញ្ញគឺ៖
ការបង្កើតទស្សនាទាន ដើម្បីសាងសង់វិមានរដ្ឋធម្មនុញ្ញ គឺផ្តើមចេញពីមូលដ្ឋានគ្រឹះនៃខ្លឹមសារគុណតម្លៃទំនើបនិងបុរាណ ដែលមានសរសេរចារឹកនៅក្នុងរដ្ឋធម្មនុញ្ញ។ ជាក់ស្តែង រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ជារដ្ឋធម្មនុញ្ញមានលក្ខណៈប្រជាធិបតេយ្យជឿនលឿន ដោយផ្អែកលើគុណតម្លៃធម្មនុញ្ញទំនើប ជាមូលដ្ឋានគ្រឹះនៃការកសាងរចនាសម្ព័ន្ធសង្គម គឺ «ប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ»។ ទន្ទឹមនេះ រដ្ឋធម្មនុញ្ញក៏មានចែងលម្អិតនូវគុណតម្លៃ វប្បធម៌ សាសនា ប្រពៃណីខ្មែរ គឺ «ជាតិ សាសនា ព្រះមហាក្សត្រ» នៅអមជាមួយគុណតម្លៃធម្មនុញ្ញទំនើប។
ដោយផ្អែកលើគុណតម្លៃ និងលក្ខណៈពហុសណ្ឋាននៃរដ្ឋធម្មនុញ្ញដូចនេះ ទើបដំណើរការសិក្សាគម្រោងប្លង់នៃវិមាន ត្រូវអនុវត្តក្នុងទិដ្ឋភាពអត្ថប្បដិរូបកម្ម ដោយនាំយកទស្សនាទានធម្មនុញ្ញ មកមូលសង្ខេបនៅលើសំណង់ស្ថាបត្យកម្ម ដែលមានសណ្ឋានសំយោគរវាង ស្ថាបត្យកម្មក្រិករ៉ូម៉ាំង ជានិមិត្តរូបនៃ គុណតម្លៃធម្មនុញ្ញទំនើប និងស្ថាបត្យកម្មខ្មែរបុរាណ ជានិមិត្តរូបនៃ គុណតម្លៃប្រពៃណីខ្មែរ។
ដើម្បីសម្រេចនូវទស្សនាទានស្ថាបត្យកម្មនេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានជ្រើសរើសសម្រាំងយកគោលការណ៍ និងទស្សនៈសំខាន់ៗ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ជាមូលដ្ឋានសម្រាប់ការរចនាសំយោគ ជាមួយទស្សនាទានសិល្បៈស្ថាបត្យកម្ម ដើម្បីជូនទៅបណ្ឌិតស្ថាបត្យករ លី រស្មី ដែលជាអ្នករចនាប្លង់នៃវិមាន និងទទួលខុសត្រូវដឹកនាំការងារទាំងមូលនៃការសាងសង់។
* លើផ្នែកស្ថាបត្យកម្មក្រិករ៉ូម៉ាំង មានការបញ្ចូលនូវគុណតម្លៃធម្មនុញ្ញទំនើប តាមរយៈការធ្វើអត្ថប្បដិរូបកម្មអត្ថន័យនៃគោលការណ៍គ្រឹះទាំង៤ នៅក្នុងក្បាច់រចនាលើទ្វារទាំង ៤ទិសរបស់វិមានរដ្ឋធម្មនុញ្ញ ដោយទ្វារខាងកើត តំណាងឱ្យសិទ្ធិមនុស្ស, ទ្វារខាងត្បូង តំណាងឱ្យប្រជាធិបតេយ្យ, ទ្វារខាងលិច តំណាងឱ្យនីតិរដ្ឋ និងទ្វារខាងជើង តំណាងឱ្យការបែងចែកអំណាច។
* លើផ្នែកគុណតម្លៃប្រពៃណីខ្មែរ ត្រូវបានយកមកធ្វើអត្ថប្បដិរូបកម្ម ក្នុងសិល្បៈស្ថាបត្យកម្មខ្មែរ នៅគ្រប់ផ្នែកនៃសំណង់ តាមរចនាបថសម័យមហានគរ និងរចនាបថសម័យកណ្តាល។ ដោយឡែកនៅលើតួមហាបុស្បុក មានតម្កល់ក្រាំងគម្ពីររដ្ឋធម្មនុញ្ញ ដែលមានចារឹកអក្សរ «រដ្ឋធម្មនុញ្ញ» តំណាងឱ្យរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ជាសំណុំវិធាននៃការគ្រប់គ្រងរដ្ឋ មានឋានានុក្រមជាកំពូលលើច្បាប់នានា ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយដែលរាល់ច្បាប់ទាំងនោះត្រូវស្របនឹងស្មារតីនៃរដ្ឋធម្មនុញ្ញជាដាច់ខាត។ ចំពោះផ្នែកឋិតនៅជាកំពូលស្រួចនៃ វិមានរដ្ឋធម្មនុញ្ញ មាន ត្រីសូល៍ ជាវត្ថុមង្គល ដែលបុព្វបុរសខ្មែរសម័យមហានគរមានទំនៀមតាំងលើកំពូលប្រាសាទ។
សូមជម្រាបថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ក្នុងតំណែងជានាយករដ្ឋមន្ត្រី បានឯកភាពលើគំនូសប្លង់ និងបានអនុញ្ញាតឱ្យសាងសង់វិមានរដ្ឋធម្មនុញ្ញ ដោយប្រើប្រាស់ថវិកាជាតិសរុបចំនួន ២.២៣៨.៨៤៧ ដុល្លារអាមេរិក។ ពិធីក្រុងពាលីបញ្ចុះបឋមសិលា ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ជាមង្គលបឋមកិច្ចនៃការកសាងវិមានរដ្ឋធម្មនុញ្ញ។
វិមានរដ្ឋធម្មនុញ្ញ មានកម្ពស់ពីទ្រនាប់ខ្សាច់ដល់កំពូលត្រីសូល៍សរុប ២៣,៤ម៉ែត្រ និងមានទម្ងន់សរុបប្រមាណ ១១២,៩៩តោន ត្រូវបានសាងសង់លើផ្ទៃដីទំហំ ២៣៨០ម៉ែត្រក្រឡា សង់បែរមុខទៅទិសខាងកើត។
រាប់ចាប់ពីកាលបរិច្ឆេទបញ្ចុះបឋមសិលា ដោយប្រើរយៈពេលអស់ប្រមាណ ១៤ខែ ក្រោមការដឹកនាំប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់របស់បណ្ឌិតស្ថាបត្យករ លី រស្មី រួមជាមួយក្រុមអ្នកបច្ចេកទេសជំនាញជាស្ថាបត្យករ វិស្វករ សិល្បករ វិចិត្រករ អ្នកអក្សរសាស្ត្រ សរុបចំនួន ៧០រូប ដែលបានខិតខំប្រឹងប្រែងកសាងវិមានរដ្ឋធម្មនុញ្ញ រហូតសម្រេចបានជាមូលដ្ឋាននៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤៕