(ភ្នំពេញ)៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ លើករណីសំណុំរឿងកិច្ចសន្យាដោះដូរ និងកិច្ចសន្យាទិញ-លក់ដីធ្លី ៥ កន្លែងនៅខេត្តមណ្ឌលគិរី និងខេត្តកំពត បន្ទាប់ពី លោកមេធាវី រស់ មុនិន្ទៈ ជាតំណាងឱ្យភាគីវិវាទ បានដាក់ពាក្យស្នើសុំរៀបចំកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ មក អ.ដ.ក.។
ផ្អែកតាមពាក្យស្នើសុំខាងលើ លោកស្រី រាជ្យ ច័ន្ទថេង, លោកស្រី ស ស៊ីយ៉េត និងលោក អៀម ប៊ុនលី មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានរៀបចំចេញនូវកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទលើសំណុំរឿងនេះ ដោយអនុលោមតាមខ្លឹមសារនៃលទ្ធផលសម្រុះសម្រួលដោះស្រាយវិវាទដែលធ្វើទ្បើងដោយមេធាវី និងបន្ទាប់ពីបានបញ្ជាក់អំពីឆន្ទៈពិតប្រាកដ និងត្រឹមត្រូវរបស់គូភាគីរួចមក។
ការចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទខាងលើនេះ គឺធ្វើទ្បើងក្នុងក្របខ័ណ្ឌនៃការអនុវត្តនូវអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាង អ.ដ.ក. និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលតាមរយ: MOU នេះ មេធាវី ដែលបានសម្រុះសម្រួលផ្សះផ្សាវិវាទដោយជោគជ័យជូនភាគីវិវាទ អាចដាក់ពាក្យស្នើសុំមក អ.ដ.ក. ដើម្បីរៀបចំចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ៕