(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានសព្វព្រះរាជហឫទ័យប្រទានសារអបអរសាទរ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ។
ក្នុងព្រះរាជសារ របស់ព្រះមហាក្សត្រ បានបញ្ជាក់យ៉ាងដូច្នេះថា «ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណាខ្ញុំ មានហឫទ័យសោមនស្សរីករាយឥតឧបមា សូមអបអរសាទរ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ រួមជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សម្តេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រី អ្នកអង្គម្ចាស់ អ្នកអង្គម្ចាស់ក្សត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត»។
ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិ ដែលតែងតែប្រារព្ធជារៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ ពិធីបុណ្យនេះ មានសារៈសំខាន់ ណាស់សម្រាប់ប្រជារាស្ត្រខ្មែរ បានមកធ្វើបុណ្យទានសម្តែងនូវកតញ្ញូចំពោះអ្នកមានគុណ ឧទ្ទិសកុសលជូនបុព្វការីជន និងញាតកាគ្រប់សន្តាន ដែលទទួលមរណកាលទៅហើយ និងជាឱកាសបានជួបជុំក្រុមគ្រួសារ សាច់ញាតិដែលកំពុងរស់នៅទីជិតឆ្ងាយ និងជួយទំនុកបម្រុងដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់រយៈកាលត្រីមាស ចាប់ពីថ្ងៃចូលព្រះវស្សារហូតដល់ថ្ងៃចេញព្រះវស្សា។ ពិសេសពិធីបុណ្យនេះ បានបណ្តុះស្មារតីសាមគ្គីភាពជាតិ ស្រឡាញ់ ថែរក្សា ការពារទំនៀមទម្លាប់ ប្រពៃណី និងដើម្បីលើកកម្ពស់អរិយធម៌ជាតិខ្មែរយើង ។
ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ប្រសិទ្ធពរ បវរសួស្តី ថ្វាយ-ប្រគេន សូមសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ថ្វាយ-ជូន សម្តេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រី អ្នកអង្គម្ចាស់ អ្នកអង្គ ម្ចាស់ក្សត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ សូមប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕