(កំពង់ធំ)៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានជួបសំណេះសំណាលសួរសុខទុក្ខ ក្រុមគ្រួសារអតីតយុទ្ធជន និងឧបត្ថមស្បៀង អាហារគ្រឿងឧបភោគបរិភោគ ដែលជាអំណោយមនុស្សធម៌របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនអតីតយុទ្ធជនចំនួន១២គ្រួសារ ដែលមានជីវភាពខ្វះខាត កំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ស្ថិតនៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលសម្ដេចទាំងទ្វេតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ពេលវេលា ពិសេសក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងបានផ្សព្វផ្សាយអំពីការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត ស្តីពីការបញ្ចប់ការចូលរួមតំបន់ត្រីកោណ CLV-DTA ដើម្បីដកហូតអាវុធនយោបាយពីក្រុមប្រឆាំងកុំឲ្យមានលេសវាយប្រហារមកលើរាជរដ្ឋាភិបាលបានទៀត។
កន្លងទៅពួកគេបានលើកយកបញ្ហានេះ ក្នុងការគៀងគរប្រមូលផ្តុំកម្លាំង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត តែពួកគេត្រូវទទួលការបរាជ័យយ៉ាងអាម៉ាសនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤កន្លងមក។
ក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខ នារដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជនទាំង១២គ្រួសារ ដែលមានជីវភាពលំបាកខ្ខះខាតនៅពេលនេះ ដោយក្នុងមួយគ្រួសារ ទទួលបាននូវអង្ករចំនួន២៥ គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរ ផងដែរ។
អតីតយុទ្ធជន និងក្រុមគ្រួសារបានសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការសមរេចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល និងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលតែងតែយកចិត្តទុកដាក់ដោះស្រាយនូវរាល់ការលំបាក របស់បងប្អូន អតីតយុទ្ធជនយើងនៅទូទាំងខេត្ត និងសូមគោរពជូនពរសម្ដេច លោកជំទាវ អស់លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕