(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយលោក Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលី ប្រចាំនៅកម្ពុជា និងសហការី ដើម្បីពង្រឹងនូវភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។
ក្នុងជំនួបនោះ ទេសរដ្ឋមន្រ្តី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបានរយៈពេលជាង៣០ឆ្នាំរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វិស័យសកម្មភាពមីន ក្នុងនោះរួមមានការបោសសម្អាតមីន កិច្ចសង្រ្គោះ ជនរងគ្រោះ ការអប់រំផ្សព្វផ្សាយយល់ដឹងអំពីយុទ្ធភណ្ឌគ្រឿងផ្ទុះ និងបញ្ហាប្រឈមនានា។
ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ទោះបីកម្ពុជាសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងក្នុងការរដោះផ្ទៃដីជូនប្រជាពលរដ្ឋ និងការកាត់បន្ថយអត្រាគ្រោះថ្នាក់ជាប្រចាំ ប៉ុន្តែកម្ពុជានៅតែបន្តធ្វើការសិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនូវតំបន់សង្ស័យមួយចំនួន ជាពិសេសបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីឱ្យកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ទេសរដ្ឋមន្រ្តី បានបន្តទៀតថា ប្រទេសអូស្រ្តាលី គឺជាដៃគូមួយយ៉ាងសំខាន់ ក្នុងចំណោមដៃគូដទៃទៀតសម្រាប់វិស័យសកម្មភាពមីន ដែលបានរួមចំណែកជាមួយប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ ហើយការសម្រេចបាន របស់កម្ពុជានាពេលកន្លងមក ក៏ជាសមិទ្ធផលមួយរបស់ប្រទេសអូស្រ្តាលីផងដែរ។
តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ទេសរដ្ឋមន្រ្តី បានស្នើសុំឱ្យប្រទេសអូស្រ្តាលី បន្តគាំទ្រដល់សកម្មភាពមីននៅកម្ពុជា ជាពិសេសតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដើម្បីឱ្យកម្ពុជាអាចសម្រេចគោលដៅគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់ឯកអគ្គរដ្ឋទូតអូស្រ្តាលី អំពីភាពជាប្រធាន និងម្ចាស់ផ្ទះរបស់កម្ពុជាក្នុងការដឹកនាំ និងរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយ ដែលគ្មានមីន ដែលក្នុងរយៈពេលជិត១ឆ្នាំនេះ កម្ពុជា បានខិតខំធ្វើសកលភាវូបនីយកម្មអនុសញ្ញាដើម្បីលើកទឹកចិត្តឱ្យប្រទេសមួយចំនួនពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញា និងការកៀរគរធនធានដើម្បីគាំទ្រដល់សកម្មភាពមីនសកល និងកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន។
ក្នុងនោះ ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រទេសអូស្រ្តាលីដែលបានជួយឧបត្ថម្ភគាំទ្រក្នុងភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ។
លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលី បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលសម្រេចបានរបស់កម្ពុជាសម្រាប់វិស័យសកម្មភាពមីន ក៏ដូចជាសម្តែងនូវការគាំទ្រចំពោះភាពជាប្រធាន និងម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំ ដ៏មានសារៈសំខាន់នេះ។
លោកបានលើកឡើងថា ប្រទេសអូស្រ្តាលីមានកម្មវិធីកិច្ចសហប្រតិបត្តិការជាច្រើន ក្នុងនោះការងារសកម្មភាពមីនមនុស្សធម៌ គឺជាផ្នែកមួយយ៉ាងសំខាន់ និងអាទិភាពក្នុងគម្រោងអភិវឌ្ឍន៍នៅកម្ពុជា និងជាដៃគូមួយក្នុងការរួមចំណែកកាត់បន្ថយផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ហើយប្រទេសអូស្រ្តាលីនៅតែបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕