(បុរីវ៉ាទីកង់)៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចប៉ាប ហ្វ្រង់ស៊ីស នៅក្នុងវិមានវ៉ាទីកង់។
ក្នុងជំនួបនោះ លោកបណ្ឌិត បានពាំនាំនូវសេចក្តីគោរពរាប់អានពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាទាំងមូល ជូនចំពោះសម្តេច ប៉ាប ផងដែរ ព្រមទាំងបានថ្លែងអំណរគុណដល់សម្តេចប៉ាប និងប្រទេស The Holy See ទាំងមូល ដែលតែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសង្គមនៅកម្ពុជា តាមរយៈអង្គការមនុស្សធម៌បែបសាសនា។
លោកបានលើកឡើងថា កម្ពុជាជាប្រទេសស្រលាញ់សន្តិភាព ហើយពិតជាមានមោទនភាពជាខ្លាំង ដែលទទួលបានការគាំទ្រ ឱ្យធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ដែលវាបានឆ្លុះបញ្ចាំងអំពីសមត្ថភាពរបស់កម្ពុជា ក្នុងការដឹកនាំ និងរៀបចំកិច្ចប្រជុំកម្រិតសកលដ៏សំខាន់នេះ។
លោកបានគូសបញ្ជាក់ថា ខេត្តសៀមរាប ដែលជាទីតាំងនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ជាអតីតតំបន់សមរភូមិ និងបានបន្សល់ទុកគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាច្រើន ក៏ប៉ុន្តែក្រោយប្រតិបត្តិការបោស សម្អាតមីន ខេត្តសៀមរាប បានប្រែមុខមាត់ថ្មី និងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ធំមួយ និងបានចូលរួមយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ។
ជាមួយគ្នានេះ លោកបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រទេស The Holy See (បុរីវ៉ាទីកង់) ដែលផ្តល់ការគាំទ្រ ដល់អនុសញ្ញាអូតាវ៉ា និងបានជួយផ្សព្វផ្សាយ រំលឹកដល់មនុស្សជាតិទាំងអស់ អំពីកាតព្វកិច្ចក្នុងការការពារភពផែនដី និងការពារសន្តិភាព។
លោកបណ្ឌិត បានស្នើដល់បុរីវ៉ាទីកង់ បន្តគាំទ្រដល់អនុសញ្ញាអូតាវ៉ា ជាពិសេសតាមរយៈការអំពាវនាវ ដល់ពិភពលោកទាំងមូល ឱ្យរួបរួមគ្នាលុបបំបាត់ការរងទុក្ខវេទនារបស់មនុស្ស ដែលបង្កដោយគ្រាប់មីន ដោយបញ្ឈប់ការផលិត និងការប្រើប្រាស់មីនប្រឆាំងមនុស្ស និងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការបោសសម្អាតតំបន់មានមីន និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន។
ជាការឆ្លើយតប សម្តេច ប៉ាប ហ្វ្រង់ស៊ីស កោតសរសើរកម្ពុជាដែលចូលរួមយ៉ាងសស្រាក់សស្រាំបំផុតលើកិច្ចការងារមនុស្សធម៌ដើម្បីលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក និងការជួយសង្គ្រោះជនរងគ្រោះ ថ្នាក់ដោយសារគ្រាប់មីន ជាពិសេសការដឹកនាំកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាដ៏មានសារសំខាន់ដែលនឹងនាំឱ្យមនុស្សជាតិមានស្មារតីចាកឆ្ងាយពីសង្គ្រាម និងឈានមកស្រលាញ់សន្តិភាព។ សម្តេច ប៉ាប បានសង្កត់ធ្ងន់លើពាក្យ យើងត្រូវប្រយុទ្ធដើម្បីសន្តិភាព យើងត្រូវប្រយុទ្ធដើម្បីជួយជនរងគ្រោះដោយសារមីន យើងទាំងអស់គ្នាត្រូវការជម្រុញឱ្យមានសន្តិភាព។
សម្តេចប៉ាប បានថ្លែងទៀតថា ប្រទេស The Holy See នឹងបញ្ជូនគណ:ប្រតិភូចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញាអូតាវ៉ា នាពេលខាងមុខ តបតាមការអញ្ជើញរបស់កម្ពុជា៕