(មណ្ឌលគិរី)៖ ដែនជម្រកសត្វព្រៃកែវសីមា មានទ្រព្យធម្មជាតិដ៏មហាសាល លើសពីនេះទៅទៀតគម្រោងរេដបូក នៅកែវសីមា ក៏បានជួយការពារព្រៃឈើ និងសត្វព្រៃជាច្រើនអនេក ព្រមទាំងជួយដល់ការរស់នៅរបស់សហគមន៍មូលដ្ឋានជាពិសេសជនជាតិដើមភាគតិចពូនង។
ដោយឡែកសម្រាប់សហគមន៍ទឹកធ្លាក់ «ឡែងកៅ» ជាតំបន់ទេសចរណ៍មួយដែលពុំទាន់មានអ្នកទេសចរណាមកលេងច្រើននៅឡើយ ប៉ុន្តែ មានទេសភាពស្រស់ស្អាត ជាមួយនឹងទឹកធ្លាក់មកពីលើភ្នំបែបធម្មជាតិ និងទេសភាពព្រៃភ្នំខៀវស្រងាត់ មានទឹកត្រជាក់ងូតលេងកម្សាន្ត ខ្យល់អាកាសបរិសុទ្ធ ស្តាប់នូវសំឡេងសត្វព្រៃយំ កំដរអារម្មណ៍របស់ទេសចរ ពេលមកលេងនៅទីនេះហើយពិតជាមានភាពស្រស់ស្រាយដក់ជាប់ជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រងនៅទីនេះ។
ទឹកធ្លាក់ឡែងកៅ គឺទឹកធ្លាក់ធម្មជាតិបង្កើតបានជាសំលេងធម្មជាតិយ៉ាងពិរោះ។ ទឹកជ្រោះមានចម្ងាយ១ គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៧៦ ត្រង់ផ្លូវបត់ចូលទៅទឹកជ្រោះមានចម្ងាយ៣៤៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ឬហួសស្នាក់ការអូររាំង នៃដែនជម្រកសត្វព្រៃកែវសីមាប្រមាណ ១គីឡូម៉ែត្រ នៅខាងស្តាំដៃ ឬ២៦គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ នៅខាងឆ្វេងដៃ។ ភ្ញៀវទេសចរដែលចង់មកលេងកម្សាន្ត គ្រាន់តែធ្វើដំណើរដោយថ្មើជើងចុះពីផ្លូវក្រាលកៅស៊ូជាង៥០០ម៉ែត្រប៉ុណ្ណោះ នោះនឹងបានឃើញទឹកធ្លាក់ពីលើកំពូលភ្នំ ១កន្លែង មានភាពទាក់ទាញដោយលាយឡំនឹងអាកាសធាតុត្រជាក់នឹងមកគ្រប់ដណ្តប់កាយយា។
អ្នកទេសចរណ៍ដែលបានទស្សនាតំបន់ទឹកធ្លាក់ធម្មជាតិឡែងកៅ ផ្ទាល់ក៏អាចបាត់អារម្មណ៍ស្មុគស្មាញមួយរយៈពេលផងដែរ នៅពេលឃើដើមឈើធំៗធម្មជាតិស្រស់ស្អាត។ តំបន់ទេសចរណ៍ទឹកធ្លាក់ធម្មជាតិឡែងកៅនេះមានទំហំផ្ទៃដី ១៨,២៤ហិកតា។ ភ្ញៀវទេសចរអាចមកទស្សនានៅគ្រប់រដូវមិនថា រដូវប្រាំង និងរដូវវស្សានោះទេ ប៉ុន្តែ សម្រាប់រដូវវស្សាទឹកមានសភាពល្អក់បន្តិច តែចាប់ពីខែ ១១ ឬខែ១២ ទឹកនឹងមានសភាពថ្លាយង់។
ចំពោះស្ថានភាពទឹកធ្លាក់ឡែងកៅនេះ ត្រូវបានកញ្ញា សែន ទី ជាគណៈកម្មការអេកូទេសចរណ៍ទឹកធ្លាក់ទឹកឡែងកៅ បានឱ្យដឹងថា តំបន់ទេសចរណ៍ទឹកធម្មជាតិនេះ បានបង្កើតឡើងនៅឆ្នាំ២០២៣ ហើយតំបន់អេកូទេចរណ៍ធម្មជាតិនេះ ទទួលបានការគាំទ្រពីគម្រោងទេសចរណ៍រេដបូក នៅក្នុងឆ្នាំ២០២៤ បានទទួលថវិកាពីគម្រោងរេដបូក ជាង២ម៉ឺនដុល្លារ។
កញ្ញាជាជនជាតិភាគតិចរូបនេះ បានបញ្ជាក់ថា តំបន់ទេសចរណ៍នេះ មានលក្ខណៈសំខាន់ដែលជាសក្តានុពល មានជ្រោះចំនួន៣ជាន់ ព្រមទាំងផ្ទាំងថ្មធំៗព្រមទាំងធម្មជាតិដើមឈើធំៗដែលមានភាពស្រស់បំព្រង រួមទាំងសត្វ៥៨ប្រភេទ។
កញ្ញា សែន ទី បានឱ្យដឹងថា គិតចាប់ពីថ្ងៃបើកឱ្យភ្ញៀវទេសចរមកលេងកម្សាន្ត រហូតមកពេលនេះ ទឹកធ្លាក់ឡែងកៅនេះ បានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិបានជាង១០០នាក់ហើយ។ សម្រាប់តំបន់ទេសចរណ៍នេះក៏មានទទួលសេវាសម្រាប់ភ្ញៀងដូចជា៖ មានម្ហូបរបស់បងប្អូនជនជាតិភាគតិច សេវាជូនភ្ញៀវ នៅតាមកន្លែងនានាជាដើម។
កញ្ញា សែន ទី បានគូសបញ្ជាក់ថា សម្រាប់ប្រវត្តិ «ទឹកធ្លាក់ឡែងកៅ» កាលដើមឡើយមានបុរសចាស់ម្នាក់ (តា) បានចិញ្ចឹមកូនខ្លាឃ្មុំមួយក្បាលដែលត្រូវបានចិញ្ចឹមដោយយកចិត្តទុកដាក់ និងផ្តល់ក្តីស្រលាញ់ទៅឱ្យសត្វនោះរហូតដល់ធំ។ ថ្ងៃមួយលោកតាបាននាំខ្លាឃ្មុំនោះទៅលេងផ្ទះបងប្អូនដែលនៅឆ្ងាយពីភូមិ នៅពេលទៅដល់ផ្ទះបងប្អូនរបស់គាត់ បងប្អូនគាត់ក៏បានរៀបចំម្ហូប អាហារ ស្រា សម្រាប់សា្វគមន៍គាត់។ ដល់ពេលថ្ងៃបន្តិចគាត់បានទទួលទានស្រាជាមួយបងប្អូនគាត់រហូតដល់ស្រវឹង។ នៅថ្ងៃរសៀលគាត់ត្រឡប់មកផ្ទះវិញ ដោយគាត់ស្រវឹងស្រាដើរដល់ពាក់កណ្តាលផ្លូវគាត់អស់កំលាំងក៏បានសម្រេចចិត្តសម្រាកនៅក្បែរទឹកធ្លាក់ជាមួយសត្វខ្លាឃ្មុំរបស់គាត់ មួយរំពេចនោះ ក៏ស្រាប់តែមានសត្វខ្លាធំមួយក្បាលលោតមករកខាំគាត់ដែលជាម្ចាស់សត្វខ្លាឃ្មុំនោះ សំណាងល្អខ្លាឃ្មុំក៏បានប្រឹងប្រែងជួយម្ចាស់របស់វារហូតផុតពីគ្រោះថ្នាក់ និងបានខាំខ្លាធំឱ្យស្លាប់បាត់ទៅ។ ក្រោយមកទើបអ្នកភូមិសម្រេចដាក់ឈ្មោះទឹកធ្លាក់នេះថា ទឹកធ្លាក់ «ឡែងកៅ» រហូតមកដល់សព្វថ្ងៃ៕