(មណ្ឌលគិរី)៖ លោកស្រី ឆាយ គឹមហ៊ាក ប្រធានផ្នែកសហគមន៍រេដបូកកែវសីមា នៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កម្ពុជា បានពន្យល់ពីគម្រោងរេដបូកកែវសីមា ដើម្បីលើកកម្ពស់សិទ្ធិក្នុងការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិរបស់ជនជាតិភាគតិច ក្នុងដែនជម្រកសត្វព្រៃកែវសីមា គឺការចុះបញ្ជីដីសហគមន៍តំបន់ការពារធម្មជាតិជនជាតិដើមភាគតិច (CPA) និងសហគមន៍ចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិច CLP។
គម្រោងរេដបូកកែវសីមា បានធ្វើការជាមួយសហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគីរី ដើម្បីលើកកម្ពស់សិទ្ធិក្នុងការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ ដែលជាផ្នែកមួយនៃការចូលរួមលើកកម្ពស់ប្រព័ន្ធសុវត្ថិភាពការប្រើប្រាស់ដីធ្លីរបស់ជនជាតិដើមភាគតិចនៅខេត្តភូមិភាគឦសាន។
លោកស្រីបានលើកឡើងពីសហគមន៍ជនជាតិដើមភាគតិចភូមិពូត្រុំ នៅក្រុងសែនមនោរម្យ ដែលបានការគាំទ្រពីគម្រោងរេដបូកកែវសីមា ទទួលបានទាំងបណ្ណកម្មសិទ្ធិដីសមូហភាព និងដីតំបន់ការពារធម្មជាតិដែលធ្វើឱ្យសហគមន៍មានសុវត្ថិភាពប្រើប្រាស់ដីធ្លីសម្រាប់បម្រើដល់ប្រយោជន៍សហគមន៍។
អង្គការ WCS បាននិងកំពុងសម្របសម្រួលជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធក្នុងការចុះបញ្ចីដីកម្មសិទ្ធិសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច (ICT) ចំនួន១៥ភូមិ ក្នុងដែនជម្រកសត្វព្រៃកែវសីមា។ មកដល់បច្ចុប្បន្ននេះ ភូមិចំនួន៧ បានទទួលបណ្ណកម្មសិទ្ធិដីសមូហភាព និងភូមិចំនួន៨ទៀត ស្ថិតក្រោមដំណើរការចុះបញ្ជី។
គម្រោងបន្តពង្រឹងសមត្ថភាពគណៈកម្មាធិ ការសហគមន៍ជនជាតិដើមភាគតិច ក្នុងការគ្រប់គ្រងដីសមូហភាពដូចជាការធ្វើបច្ចុប្បន្នភាពសមាជិកសហគមន៍ ការរៀបចំរចនាសម្ព័ន្ធ សមាជិកគណៈកម្មាធិការឡើងវិញ ការរៀនសូត្រ និងឆ្លុះបញ្ចាំងបទធិសោធន៍ និងធ្វើបច្ចុប្បន្នភាពបទបញ្ជា/បទប្បញ្ញត្តិផ្ទៃក្នុង និងលក្ខខណ្ឌចូលជាសមាជិកសហគមន៍ និងការដោះស្រាយទំនាស់។
អង្គការ WCS កំពុងបន្តគាំទ្រសហគមន៍ឱ្យគ្រប់គ្រងដីសមូហភាពតាមរយៈការធ្វើសារពើភណ្ឌដីសហគមន៍នៅក្នុងភូមិចំនួន៥ (ភូមិអណ្តូងក្រឡឹង ស្រែល្វី និងអូរច្រា ហ្កាទី និងពូត្រុំ) ជាព័ត៌មានមូលដ្ឋាន ដើម្បីបង្កើតផែនការ គ្រប់គ្រងការប្រើប្រាស់ដី និងពង្រឹងការគ្រប់គ្រងដី ដែលជាភូមិមានបណ្ណកម្មសិទ្ធិដីសមូហភាព៕
សូមស្តាប់ការពន្យល់របស់មន្ត្រីជំនាញនៃអង្គការ WCS ដូចខាងក្រោម៖