(ប៉េកាំង)៖ បណ្តាញប្រតិបត្តិការសកលនៃអាជ្ញាធរអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ (GlobE Network) នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចាប់ផ្តើមកិច្ចប្រជុំពេញអង្គលើកទី៥របស់ខ្លួន ក្រោមការរៀបចំពី UNODC និងគណៈត្រួតពិនិត្យកិច្ចការរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន និងមានការចូលរួមពីប្រមុខស្ថាប័ន/អង្គភាពប្រឆាំងអំពើពុករលួយជាច្រើនមកពីគ្រប់តំបន់នៅលើពិភពលោក។
អង្គប្រជុំបានវាយតម្លៃខ្ពស់ពីសារៈសំខាន់ក្នុងការសម្របសម្រួលការជួយគ្នាទៅវិញទៅមករវាងស្ថាប័នអនុវត្តច្បាប់ តាមរយៈការផ្លាស់ប្តូរព័ត៌មាន តាមយន្តការសម្ងាត់ និងប្រកបដោយសុវត្ថិភាពខ្ពស់ ការជួយគ្នាពង្រឹងសមត្ថភាព សំដៅផ្តល់កិច្ចសហការ និងជំនួយផ្នែកច្បាប់ទៅវិញទៅមកលើការងារស៊ើបអង្កេត ចោទប្រកាន់ និងការរឹបអូសផលនៃបទល្មើសឱ្យកាន់តែមានប្រសិទ្ធភាព។
កិច្ចប្រជុំពេញអង្គលើកទី៥ នៃបណ្តាញប្រតិបត្តិការសកលនៃអាជ្ញាធរអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ មានស្ថាប័នប្រឆាំងអំពើពុករលួយមកពី ១២១ប្រទេស ដើម្បីជួបជុំគ្នាជំរុញកិច្ចសហប្រតិបត្តិការឆ្លងដែនលើការងារប្រឆាំងអំពើពុករលួយ។
កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានថ្លែងសុន្ទរកថា វាយតម្លៃខ្ពស់ចំពោះការទទួលដ៏រាក់ទាក់ និងកក់ក្តៅបំផុតពីម្ចាស់ផ្ទះ និងពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ការគោរព និងការគាំទ្រដែលសាធារណរដ្ឋប្រជាមានិតចិន និងកម្ពុជាបានផ្តល់ឱ្យគ្នាទៅវិញទៅមក ក្នុងរយៈពេល៦៦ឆ្នាំកន្លងមកនេះ។
កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ក៏បានបញ្ជាក់ពីកិច្ចប្រឹងប្រែងប្រឆាំងអំពើពុករលួយរបស់រាជរដ្ឋាភិបាលកម្ពុជាទាំង៦ អាណត្តិក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងអាណត្តិទី៧ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងបានប្រកាសជំរុញការយកមកអនុវត្តនូវឯកសារប្តេជ្ញាក្រុងប៉េកាំង ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងការបដិសេធក្នុងការផ្តល់ជម្រកសុវត្ថិភាពសម្រាប់ឧក្រិដ្ឋជន។
សម្រាប់កិច្ចប្រជុំនេះនឹងបន្តរហូតទៅដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ទៀត៕