(បាត់ដំបង)៖ លោក អ៊ុំ ចាន់ថុល ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ និងលោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំរៀង ជាសហប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាសែន នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចូលរួមកាន់វេនបិណ្ឌទី៧ នៅវត្តគីរីសែនសុខ ហៅវត្ត ភ្នំ១៤៧ ស្ថិតក្នុងភូមិដីក្រហម ឃុំសែនសុខ ស្រុកកំរៀង ខេត្តបាត់ដំបង។
ក្នុងរយៈពេលនៃថ្ងៃកាន់បិណ្ឌនីមួយៗ គឺជាឱកាសដែលពុទ្ធសាសនិកខ្មែរបានធ្វើបុណ្យ ដាក់ទាន ដោយមានការធ្វើចង្ហាន់ យកទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅតាមបណ្តាវត្តជិតឆ្ងាយដើម្បីឧទ្ទិសកុសលផលបុណ្យ ទាំងឡាយជូនដល់វិញ្ញាណក្ខន្ធញាតិទាំង៧សន្តាន ដែលបានចែកឋាន រំលាយក្ខន្ធទៅកាន់បរមលោកក្តី ទៅទីណាក្តី សូមមកទទួលមគ្គផលដែលកូនចៅ បានធ្វើជូននាឱកាសបុណ្យនៅពេលនេះ។
ពិធីបុណ្យនេះក៏ជាការផ្សារភ្ជាប់ និងជួបជុំញាតិមិត្ត និងផ្សព្វផ្សាយពីវប្បមធ៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ដូនតាខ្មែរដ៏យូរលង់ ដល់យុវជនជំនាន់ក្រោយគ្រប់រូបបានយល់ដឹងកាន់តែច្បាស់ និងបន្តថែរក្សាកេរដំណែល ដូនតានេះឱ្យបានគង់វង្ស និងឱ្យសកលលោកបានដឹងថា វប្បធម៌ អរិយធម៌ប្រពៃណី ទំនៀមទម្លាប់ខ្មែរអស្ចារ្យ។
ក្នុងពិធីកាន់បិណ្ឌវេនទី៧នេះ លោក អ៊ុំ ចាន់ថុល និងលោក តូច សុភក្តី រួមនឹងក្រុមការងារបាននិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត រាប់បាត្រប្រគេនចង្ហាន់ ទេយ្យទានដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផកបុណ្យ ជូនដល់វិញ្ញាណក្ខន្ធជីដូនជីតា ញាតិកាទាំង៧សណ្តាន ដែលបានចែកឋានពីលោកនេះទៅកាន់លោកខាងមុខ សូមរួចផុតចាកទុក្ខទោសទាំងពួង បានដល់សុគតិភពកុំបីឃ្លៀងឃ្លាតឡើង។
លោកក៏បានបច្ច័យចំនួន៣វត្ត ក្នុងមួយវត្តទទួលបានបច្ច័យចំនួន១លានរៀល និងបច្ច័យកសាងស្គរក្នុង១វត្ត ចំនួន២.០០០.០០០រៀលផងដែរ សរុបបច្ច័យក្នុងពិធីកាន់វេនទី៧នេះ ចំនួន៥លានរៀល៕