(សាន់ហ្វ្រាន់ស៊ីស្កូ, អាម៉េរិក)៖ ក្រុមហ៊ុន Amru Rice របស់ខ្មែរ បានចាប់ដៃគ្នាជាមួយក្រុមហ៊ុន Stabil Nutrition, LLC របស់អាម៉េរិក បានចាប់ដៃគ្នាបង្កើតរោងចក្រកែច្នៃកន្ទក់សរីរាង្គ។ ដើម្បីឈានទៅអនុវត្តន៍នូវកិច្ចសហប្រតិបត្តិការនេះ កាលពីរសៀលថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុនទាំងពីរបានចុះអនុស្សារណៈនៃការយោគយល់គ្នា។
ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការចុះហត្ថលេខានេះទៀតសោត ក្រុមហ៊ុន Amru Rice (Cambodia) តំណាងដោយ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន រីឯក្រុមហ៊ុន Stabil Nutrition, LLC តំណាងដោយ លោក Michael Tarrasch ជាម្ចាស់ក្រុមហ៊ុន។
អនុស្សារណៈដែលបានចុះហត្ថលេខានេះ គឺជាមូលដ្ឋានសម្រាប់កិច្ចសហការនាពេលអនាគត លើការវិនិយោគបង្កើតរោងចក្រកែច្នៃកន្ទក់សរីរាង្គនៅកម្ពុជា ដោយប្រើប្រាស់គ្រឿងចក្រ និងបច្ចេកទេសរបស់សហរដ្ឋអាម៉េរិក។
សូមរំលឹកថា នេះគឺជាអនុស្សារណៈទី២ ពាក់ព័ន្ធនឹងវិស័យស្រូវអង្ករ ដែលត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ នៅសហរដ្ឋអាម៉េរិក៕