(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានផ្ទាល់ពីសំណាក់រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន ដោយឡែកអគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ទីររអភិវឌ្ឍន៍ជនបទទាំង២៥រាជធានី-ខេត្ត ចូលរួមតាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting)។
កិច្ចប្រជុំផ្តោតសំខាន់លើការត្រួតពិនិត្យសមិទ្ធផលសម្រេចបានតាមកម្មវិធីអាទិភាពនីមួយៗរបស់ក្រសួង, ការពិនិត្យលើបញ្ហា ការប្រឈមក្នុងខែកញ្ញា និងការពិភាក្សាដើម្បីស្វែងរកដំណោះស្រាយសម្រាប់អនុវត្តបន្ដឱ្យមានប្រសិទ្ធភាព។ យោងតាមរបាយការណ៍លទ្ធផលការងារដោយលោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ បានបង្ហាញឲ្យឃើញអំពីលទ្ធផលសម្រេចដូចខាងក្រោម៖
កម្មវិធីទី១៖ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ សម្រេចបានការអនុវត្ត ៧.២៥% ក្នុងរយៈពេល៩ខែ
កម្មវិធីទី២៖ ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ សម្រេចបានការអនុវត្ត ៧៨.២១% ក្នុងរយៈពេល៩ខែ
កម្មវិធីទី៣៖ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ច សម្រេចបានការអនុវត្ត ៧៦.៥៧% ក្នុងរយៈពេល៩ខែ
កម្មវិធីទី៤៖ ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ សម្រេចបានការអនុវត្ត ៧៦.៥០% ក្នុងរយៈពេល៩ខែ។
សរុបរួមការអនុវត្តកម្មវិធីទាំងបួន បានសម្រេចស្របតាមផែនការគ្រោងទុក។
សូមបញ្ជាក់ថា រាល់កម្មវិធីប្រជុំប្រចាំខែ ក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ញាតឱ្យថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ ទាំងថ្នាក់ក្រសួង និងថ្នាក់មន្ទីររាជធានី-ខេត្ត បានចូលរួមផ្អែកតាមអភិក្រម រួមដឹង រួមគិត និងរួមធ្វើ ដើម្បីចូលរួមអភិវឌ្ឍប្រទេស។
លទ្ធផលទាំងនេះជាការឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែង និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថា្នក់ទាំងអស់ ក្នុងការអនុវត្តផែនការសកម្មភាពក្នុងក្របខ័ណ្ឌតួនាទី និងភារកិច្ចរបស់ក្រសួង។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ដ្រីបានផ្ដល់អនុសាសន៍សំខាន់ៗ ដើម្បីជាយន្តការសម្រាប់អនុវត្តផែនការសកម្មភាពតាមកម្មវិធីទាំង៤របស់ក្រសួងឱ្យកាន់តែសម្រេចលទ្ធផលខ្ពស់ និងឈានទៅសម្រេចចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលជាការចូលរួមចំណែកអនុវត្តនូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសម្រេចឱ្យបាននូវគោលដៅកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
លោករដ្ឋមន្ត្រីបានផ្តាំផ្ញើដល់នាយកដ្ឋាជំនាញ មន្ទីរអភិវឌ្ឍន៍ជនខេត្ត និងអង្គភាពពាក់ព័ន្ធត្រូវរៀបចំជារបាយការណ៍ប្រចាំថ្ងៃស្តីពីផលប៉ះពាល់ដោយសារទឹកជំនន់ និងត្រៀមអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ឲ្យបានទាន់ពេលវេលា៕