(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកស្រី Baiba Braže រដ្ឋមន្ត្រីក្រសួងការបរទេសសាធារណរដ្ឋឡេតូនី បាននិងកំពុងស្វែងរកឱកាស សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលដែលនាំមកនូវផលប្រយោជន៍នៃប្រទេសទាំងពីរ។
ការលើកឡើងនេះ ធ្វើឡើងស្របពេលដែល រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង២ បានជួបពិភាក្សាការងារទ្វេភាគី ក្នុងអំឡុងមហាសន្និបាតលើកទី៧៩ របស់អង្គការសហប្រជាជាតិ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក។
ក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈពីការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពល ដែលនឹងនាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងពីរ។ រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានពិភាក្សាពីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌពហុភាគី និងបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងផលប្រយោជន៍រួម។
លោកស្រី Baiba Braže ក៏បានថ្លែងអំណរគុណចំពោះ លោកឧបនាយករដ្ឋមន្ត្រី ដែលបានផ្តល់ឱកាសដើម្បីរៀបចំជំនួបទ្វេភាគីនេះ ហើយលោកស្រីនឹងបន្តជំរុញកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត៕