(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលរួមពិធីបើកកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប. លើកទី៧៩ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញ៉ូវយក។
កិច្ចពិភាក្សាទូទៅនេះ ត្រូវបានដឹកនាំដោយ លោក Philemon Yang ប្រធានមហាសន្និបាត អ.ស.ប. និងមានការអញ្ជើញចូលរួមពីសំណាក់ លោក António Guterres អគ្គលេខាធិការ អ.ស.ប.ព្រមទាំងប្រមុខរដ្ឋ/រដ្ឋាភិបាល និងតំណាងរដ្ឋជាសមាជិកនៃអ.ស.ប.។
កិច្ចពិភាក្សា បានផ្តោតលើតួនាទីដ៏ចាំបាច់របស់ អ.ស.ប. ក្នុងការដោះស្រាយបញ្ហាប្រឈមសកល និងបានគូសបញ្ជាក់ថាមានតែការស្តារឡើងវិញ នូវពហុភាគីនិយមប៉ុណ្ណោះ ដែលអាចសម្រេចបាននូវអនាគតដែលមានសន្តិភាព វិបុលភាព ចីរភាព និងបរិយាបន្នសម្រាប់គ្រប់គ្នា៕