(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាត លើកទី៧៩ របស់អង្គការសហប្រជាជាតិ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងទីក្រុងញូវយ៉ក ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមអាហារពេលព្រឹកការងារជាមួយ ឧបនាយករដ្ឋមន្រ្តី Saleumxay KOMMASITH រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងឧបនាយករដ្ឋមន្រ្តី BUI Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម។
នេះជាជំនួបអាហារពេលព្រឹករវាង រដ្ឋមន្ត្រីការបរទេសទាំងបីប្រទេសជាលើកដំបូង បន្ទាប់ពីការសម្រេចឱ្យមានជំនួបនេះ នាឱកាសនៃកិច្ចប្រជុំពហុភាគីនានា បន្ថែមពីលើជំនួបត្រីភាគីកម្រិតប្រមុខរដ្ឋាភិបាលដែលត្រូវបានរៀបចំឡើងជាច្រើនលើករួចមកហើយ៕